រដ្ឋាភិបាលនឹងចេញប័ណ្ណបើកបរអន្តរជាតិជូនពលរដ្ឋចាប់ពីខែក្រោយ

ចាប់ពី​ខែសីហា ឆ្នាំ​២០២០​តទៅ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នឹង​ចាប់ផ្តើម​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​បើកបរ​រថយន្ត​នៅ​ក្រៅប្រទេស ។​

​នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​ថ្លែង​ក្នុង​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព ចរ​រា​ចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០២០ ។​

​បើ​តាម​លោក ស៊ុន ចាន់​ថុ​ល កម្ពុជា​ជា​សមាជិក​អង្គការសហប្រជាជាតិ ដូច្នេះ​យើង​អាច​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណបើកបរ ហើយ​យក​មក​ដូរ​សុំ​ធ្វើ​ប័ណ្ណបើកបរ​បណ្តោះអាសន្ន​។ បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ប័ណ្ណបើកបរ​យើង​មាន​ប្រភេទ A B C នៅ​ខាងក្រោយ ដូច្នេះ យើង​បោះត្រា​តាម​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ ៕