យុវជនគាំទ្រលោក កែម ឡី មួយចំនួន ត្រូវបានសមត្ថកិច្ចនាំខ្លួន

បើ​ទោះបីជា​អាជ្ញាធរ​ខណ្ឌចំការមន​បាន​ចេញ​ប្រកាស​ចាត់វិធានការ​ច្បាប់​លើ​ជន​ណា​ទាំងឡាយ​ណា​ដែល​ប្រមូលផ្តុំ​គ្នា​រំ​ឮ​ក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី យ៉ាងណា​ក្តី ក៍​ក្រុម​អ្នក​គ្រាំ​មាន​ព្រះសង្ឃ ប្រជាពលរដ្ឋ​និង​និស្សិត​មួយ​ចំនួន​នៅ​តែ​បន្ត​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​នា​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា​នេះ ប៉ុន្តែ​ក៍​មាន​យុវជន​មួយ​ចំនូ​ន ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​សួរនាំ​ផង​ដែរ ។​

​មក​ទល់​នឹង​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​ដឹង​ថា​មាន​យុវជន​និង​អ្នកគាំទ្រ​លោក កែម ឡី ដែល​ពាក់អាវ​រូប​លោក កែម ឡី ប៉ុន្មាន​នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ទៅ​សួរនាំ និង អនុញ្ញាត​ឲ្យ​ទៅ​លំនៅ​ដ្ឋា​ន​វិញ​នៅឡើយ​ទេ ។​

​អាជ្ញាធរ​ខណ្ឌ​ចំការ​មានបាន​អះអាង​ថា​ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ជួបជុំ​គ្នា​ចូលរួម​រំ​ឮ​ក​ខួប​៤​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលា​ខណ្ឌចំការមន​បាន​បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​រំ​ឮ​ក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​កាល់​តិច ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម តាម​ច្បាប់​ស្តី​ពី​បាតុកម្ម​និង ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ កំពុង​រីក​រាលដាល​ជាស​កល​ដោយ​ក្រសួងសុខាភិបាល​បិទ​ការ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​ទូ​ទាំង​ប្រទេស ។​

​សូម​រំ​ឮ​កថា អ្នកវិភាគ​នយោបាយ​និង​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ កក្កដា ២០១៧ ខណៈ​លោក​កំពុង​អង្គុយ​ទទួលទាន​កាហ្វេ​នៅ​ក្នុង​ម៉ា​តនៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ក្រោយមក​អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​អឿ​ត អាង ហៅ ជួប សម្លាប់ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយក៍​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​អស់​មួយ​ជីវិត ។ ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ​ចំនួន​តូច​នៅ​តែ​មាន​មន្ទិល ហើយ​ថា ជួប សម្លាប់ គឺជា​ឃាតក​សិប្បនិម្មិត​តែ​ប៉ុណ្ណោះ ៕