ខ្មែរជាប្រទេសមួយដែលបាននិងកំពុងវិវត្តខ្លួនឈានបន្តិចម្តងៗទៅរកប្រទេសកំពុងអភិវឌ្ឍដូចប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ។
ការរីកចម្រើនពីមួយថ្ងៃៗទៅមួយគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ឋទាំងជាតិនិងអន្តរជាតិ ប៉ុន្តែក៍នៅមានបញ្ហាមួយចំនួនមិនទាន់ត្រូវបានដោះស្រាយបានទាំងស្រុងនៅឡើយ នោះគឺអំពើពុករលួយនិងការប្រកាន់បក្ខពួក ដែលត្រូវបានគេឃើញនៅកើតមានសេសសល់តិចតួចនៅក្នុងស្ថាប័នរដ្ឋមួយចំនួនក្នុងរាជរដ្ឋាភិបាល ។
បើតាមប្រភពពីមន្ត្រីរាជការសាធារណៈមួយចំនួនតូច ក៍ដូចជាអ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការឡើងតួនាទី និងឋានន្តរស័ក្តិរបស់មន្ត្រីមួយចំនួនតូចនៅក្នុងស្ថាប័នប៉ូលិសនិងកងយោធពលខេមរភូមិន្ទ ខ្លះបានមកដោយសារការចាយលុយ ខ្លះក៍បានដោយសារមានខ្សែ បក្ខពួកជាដើម ។
ចំណែកមន្ត្រីដែលគ្មានលុយនិងខ្សែ គឺទោះបីដល់ឆ្នាំកំណត់ត្រូវឡើងស័ក្តិ ក៍គេមិនរៀបចំធ្វើឲ្យដែរ គឺទាល់តែមានលុយនិងបក្សពួក ទើបបានស័ក្តិខ្ពស់ ឬ ផ្កាយពាក់ជាដើម ។
ជុំវិញការលើកឡើងខាងលើ នៅរសៀលថ្ងៃទី០៨ កក្កដា ២០២០នេះ«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ។
គេនៅចាំបានថា កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈឲ្យមានការដំឡើងឋានន្តរស័ក្តិតាមឆ្នាំរបប២ឆ្នាំម្តងដល់ប៉ូលិសនិងកងយោធពលខេមរភូមិន្ទ ប៉ុន្តែអង្គភាពមួយចំនួនតូចនៅតែមិនគោរពតាមអនុសាសន៍ ឬ ការណែនាំរបស់លោកប្រមុខរាជរដ្ឋាភិបាលឡើយ ។
ចំណុចនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីសតិអារម្មណ៍ និងការបាក់ទឹកចិត្តរបស់មន្ត្រីដែលដល់ឆ្នាំដំឡើង តែមិនបានឡើង ហើយក៍ប៉ះពាល់ផងដែរដល់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជាទាំងមូល ដោយសារតែមន្ត្រីខិលខូចមួយចំនួនតូចដែលប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមនោះ ៕