ពៅ បញ្ញាពេជ្រ ៖ អង្គុយលើរទេះ១៣ឆ្នាំ ធុញណាស់

អតីត​អ្នកចម្រៀង​ល្បីឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​និង​ចម្រៀង​ខ្មែរ គឺ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ការ​ហត់នឿយ​ក្នុង​ជីវិត​ដែល​នៅ​តែ​លើ​រទេះរុញ​មិនដឹង​ថ្ងៃ​ណា​បានជា​អាច​ដើរ​នឹង​គេ​បាន ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ Peouv Panha Pich ដែល​គេ​ដឹង​ថា​ជា​អាក់​ខោ​ន​របស់​អ្នកចម្រៀង​រូប​នេះ បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​នេះ​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ដូច្នេះ​ថា​

«​ដឹង​កាលបើ​ដើរ​បាន អង្គុយ​យូរ​ៗ​ធុញ​ណាស់ អង្គុយ​13 ឆ្នាំ​ហើយ » ។​

​សូម​បញ្ជាក់ កញ្ញា ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ឃាតក​បាញ់​ប៉ង​សម្លាប់​កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ​នាង​មិន​ស្លាប់ គឺ​របួស​រហូត​ធ្លាក់ខ្លួន​ពិការ​មក​ទល់​នឹង​ប​ច្ចប្ប​ន្ន​មាន​រយៈពេល​១៣​ឆ្នាំ​ហើយ ហើយ​ឃាតក​និង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់ប្រហារ​អ្នកចម្រៀង​ល្បីឈ្មោះ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​លើ​យ​ទេ ។​

​គេ​មិនដឹង​ថា ករណី​បាញ់ប្រហារ​កញ្ញា ពៅ បញ្ញា​ពេជ្រ កាលពី​១៣​ឆ្នាំ​មុន​នោះ ពាក់​ព័​ន្ឋ​នឹង​រឿង​អ្វី​នោះ​ដែរ ។​

​ក្រៅពី​កញ្ញា ពៅ បញ្ញា​ពេជ្រ ក៍​មាន​អ្នកចម្រៀង​និង​តារា​សម្តែង​មួយ​ចំនួន​ទៀត ក៍​ធ្លាប់​រង​នូវ​អំពើ​បាញ់ប្រហារ​និង​ការ​ជះ​ទឹក​អាស៊ីត​បណ្តាល​ឲ្យ​ពិការ​ផង​ដែរ ដូច​ជា កញ្ញា ទូច ស៊ុន​និ​ច និង អ្នក​នាង តាត ម៉ា​រី​ណា ជាដើម ហើយ​សំណុំរឿង​របស់​ពួក​គេ​ក៍​មិន​ទាន់​ត្រូវ​បាន​ផ្តល់​យុ​ត្តិ​ធ៌​ម​នៅឡើយ​ដែរ ក្រៅពី​រស់​ក្នុង​ពិការ​ភាព ឯ​ឃាតក​និង​អ្នក​នៅ​ពីក្រោយ​ខ្នង ហាក់​នៅ​ឆ្ងាយ​អើយ​សែន​ឆ្ងាយ​ពី​សំណាញ់​ច្បាប់ ៕