តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាតែងតាំងអតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧១៦ ចុះថ្ងៃទី០៩ កក្កដា ២០២០ ។
គួរបញ្ជាក់ថា មុនឈានទៅបង្កើតបក្ស លោក សួន សេរីរដ្ឋា ត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ក៍ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកប្រមាថកងទ័ព។ក្រោយមកត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ដោយតុលាការចោទថា បានប្រមាថកងទ័ព និងប្រមាថមេដឹកនាំរដ្ឋាភិបាលកម្ពុជា។
ការផ្តន្ទាទោសនេះ ក្រោយពីលោកសរសេរសារបង្ហោះ នៅលើទំព័រហ្វេសប៊ុកថា កូនខ្មែរនិងកងទ័ពជាតិ នឹងស្លាប់នៅក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។
មួយឆ្នាំក្រោយមក ពោលគឺនៅខែ សីហា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា ក៍ត្រូវបានព្រះមហាក្សត្រលើកលែងទោស ៕