ប្រជាពលរដ្ឋខ្មែរ១៥នាក់ ត្រូវបានក្រសួងសុខាភិបាលរកឃើញផ្ទុកមេរោគកូវីដ១៩ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសខ្មែរកើនដល់១៥៦នាក់ ក្នុងនោះជាសះស្បើយ១៣៣នាក់ ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង១៥នាក់ដែលទើបមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ បានធ្វើដំណើរ
បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ ៕