២១ឆ្នាំមុន គឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ នាដការីរបាំព្រះរាជទ្រព្យ ដ៏ល្បីល្បាញមួយរូបគឺ អ្នកស្រី ពិសិដ្ឋ ពិលីកា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឃាតកបានបាញ់ទៅលើអ្នកស្រីចំនួនបីគ្រាប់ នៅគ្រាដែលអ្នកស្រីនិងក្មួយស្រីវ័យ៧ឆ្នាំ កំពុងចូលហាងលក់កង់មួយ នៅក្បែរផ្សារអូរឫស្សី ក្រុងភ្នំពេញ។
ជាតារាភាពយន្តស្រីល្បីល្បាញបំផុតនៅប្រទេសកម្ពុជា។ ជាតារាភាពយន្តស្រីវ័យក្មេងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ភាពល្បីល្បាញរបស់អ្នកស្រីបានឈានដល់កម្រិតថ្មីមួយទៀតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខណៈអ្នកស្រីបង្ហាញមុខក្នុងឧស្សាហកម្មវីដេអូតន្ត្រីខារា៉អូខេដ៏កាក់កប។
អ្នកស្រី ពិសិដ្ឋ ពីលីកា គឺជាតារាសំដែង ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីកើតនៅឆ្នាំ ១៩៦៥ នៅទីក្រុងភ្នំពេញ។ អ្នកស្រីមានឈ្មោះពិតថា ឱក អៀបពីលី។ ឪពុកឈ្មោះ ម៉េង មុនី និងម្ដាយឈ្មោះ ឱក ហាល។ ឪពុករបស់អ្នកស្រី គឺសាស្ត្រាចារ្យបង្រៀនភាសាបារាំង នៅសកលវិទ្យាគរុកោសល្យ។ អ្នកស្រី មានប្អូនស្រី ពីរនាក់ គឺពាលា និងដារ៉ូ។ គាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។
បន្ទាប់ពីឪពុកម្ដាយរបស់អ្នកស្រី បានស្លាប់ក្នុងរបបខ្មែរក្រហម អ្នកស្រី និងប្អូនស្រីទាំងពីរ ត្រូវបានឪពុកមារបស់គាត់យកទៅចិញ្ចឹម។ ក្រោយមក អ្នកស្រី និងប្អូនរបស់អ្នកស្រី ត្រូវប្ដូរឈ្មោះទៅជា សៅ ពីលី, សៅ ពាលា និង សៅ ដារ៉ូ ដែលយកត្រកូលតាមឪពុកមារបស់គាត់ សៅ ពិសិដ្ឋ។ នៅក្រោយមកប្អូនស្រីពៅ សៅ ដារ៉ូ បានទទួលមរណភាព ដោយបន្សល់ទុកបងស្រីទាំងពីរឲ្យនៅឯកោ។
នៅក្នុងឆ្នាំ ១៩៨០ ដោយមានការទំនុកបំរុងពីម្ដាយមីង ម៉េង សូណាលី ដែលគាត់គឺជាសាស្ត្រាចារ្យនៅសាលាភូមិន្ទវិចិត្រសិល្បៈ ពីលីក៏បានសិក្សារៀនសូត្រ និងហ្វឹកហាត់អំពីរបាំវប្បធម៌កម្ពុជា។ គាត់បានបញ្ចប់ការសិក្សា នៅក្នុងឆ្នាំ១៩៨៨ ហើយបានបន្តធ្វើការជាអ្នកដឹកនាំនាដករ នៅក្នុងសាលា។
ដោយសារតែ ភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់គាត់ រួមផ្សំនឹងសំរស់របស់គាត់ផងនោះ គាត់ក៏ចាប់ផ្ដើមមានប្រជាប្រិយភាពបន្តិចម្ដងៗ។ អ្នកស្រី ត្រូវបានគេអញ្ជើញឲ្យសំដែងនៅក្នុង រឿង ស្រមោលអន្ធកាល ដែលផលិតដោយ ផលិតកម្មវត្តភ្នំ។ ក្នុងពេលនោះ គាត់ក៏ត្រូវបានស្គាល់ទូទាំងប្រទេស។ នៅឆ្នាំ ១៩៨៩ គាត់ក៏បានប្តូរឈ្មោះរបស់គាត់ទៅជា ពិសិដ្ឋ ពីលីកា រហូតមកដល់សព្វថ្ងៃ។
អ្នកស្រី ពិសិដ្ឋ ពីលីកា មានការរវល់ជាខ្លាំង ជាមួយនឹងការថតខ្សែភាពយន្ត។ ពេលនោះហើយ គឺជាពេលដែលគាត់ បានជួបនឹងលោក ខៃ ប្រសិទ្ធ ដែលតារាសំដែងដ៏ល្បីឈ្មោះមួយរូបដែរ។ ពួកគាត់ទាំងពីរ បានសំដែងជាមួយគ្នា ក្នុងខ្សែភាពយន្ត ក៏ដូចវីដេអូខារ៉ាអូខេជាច្រើន។ នេះមានន័យថា ឈុតឆាកស្នេហានៅក្នុងរឿងរបស់អ្នកទាំងពីរ បានរីកដុះដាល ក្លាយជាស្នេហាក្រៅសាច់រឿង។ នៅក្នុងឆ្នាំ ១៩៩០ គាត់ក៏បានរៀបអាពាហ៍ពិពាហ៍ជាគូស្វាមី ភរិយានឹងគ្នា។ នៅឆ្នាំ ១៩៩២ បុត្រដំបូងរបស់អ្នកទាំងពីរបានចាប់កំណើតឡើង ដោយមានឈ្មោះថា ខៃ សិដ្ឋលីសាក់។ គ្រួសាររបស់អ្នកស្រីពិសិដ្ឋ ពីលីកា ក៏បានក្លាយទៅជាគ្រួសារមួយដ៏រីករាយ និងស្និទ្ធស្នាលបំផុត។
បន្ទាប់ពីរៀបការរួច អ្នកស្រីពិសិដ្ឋ ពីលីកា បានបន្តការងារជាតារាសំដែង និងអ្នករបាំប្រពៃណីតទៅទៀត។ គាត់បានសំដែងក្នុងខ្សែជាង៦០រឿង និងបានថតផ្សាយពាណិជ្ជកម្មជាច្រើនទៀត។ ខ្សែភាពយន្តដែលអ្នកស្រីចូលចិត្ត រួមមាន រឿង សំលេងទ្រខ្មែរ រឿង ស្រមោលអន្ធកាល និងរឿង ទុក្ខពីររបស់កែវ និងនាងនិត។ ក្រៅពីកិច្ចការថតខ្សែភាពយន្ត អ្នកស្រីរវល់នឹងការសំដែងនៅលើឆាកផងដែរ។ នៅក្នុងជីវិតរបស់អ្នកស្រី អ្នកស្រីបានទៅសំដែងនៅប្រទេសក្រៅជាច្រើន ដែលរួមមាន៖
ដោយសារតែការរវល់ជាមួយនឹងការងារពេក បានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ រវាងអ្នកស្រី និងលោក ខៃ ប្រសិទ្ធ រង្គោះរង្គើបន្តិចម្ដងៗ។ ក្រោយមក ក៏ចាប់ផ្ដើមមានលេចឮពាក្យចចាមអារ៉ាមជាច្រើន ចំពោះចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរ។ មានប្រភពព័ត៌មានមិនច្បាស់ការណ៍ខ្លះ បាននិយាយថាលោក ខៃ ប្រសិទ្ធ បានលួចទៅមានចំណងស្នេហាជាមួយស្រីផ្សេង ដែលស្រីនោះជាកូនស្រីរបស់មន្ត្រីដែលបុណ្យសក្តិខ្ពង់ខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែព័ត៌មានមិនច្បាស់ការណ៍នេះ ក៏បានធ្វើឲ្យប្រជាជនខ្លះទៀតយល់ថា ខៃ ប្រសិទ្ធ ត្រូវបង្ខំចិត្តមានចំណងស្នេហាជាមួយស្រីម្នាក់នោះ ដោយសារអំនាចរបស់ឪពុកនាង។ ជាអ្នកស្ម័គ្រចិត្ត ឬត្រូវគេបង្ខំក៏ដោយ ការណ៍ដែលឃើញស្វាមីរបស់ខ្លួន ទៅមានស្រីថ្មី វាពិបាកនឹងទទួលយកខ្លាំងណាស់។ ដោយសារតែទទួលរងនូវគំនាបផ្លូវចិត្តក្នុងរឿងនេះ នៅខែ កញ្ញា ឆ្នាំ ១៩៩៨ អ្នកស្រីក៏បានធ្វើលិខិតលែងលះគ្នា ជាមួយប្ដីរបស់ខ្លួន។ គ្មានអ្វីចំលែកទេ ដែលអ្នកស្រីនៅតែមានចិត្តស្រលាញ់ប្ដីរបស់គាត់។ មានចំរៀងខារ៉ាអូខេ ពីរបទដែលគាត់បានសំដែង ដែលហាក់ដូចជាស្ដែងចេញនូវអារម្មណ៍ពិតរបស់គាត់ ចំពោះស្វាមី[៣]។
ចំពោះព័ត៌មាន ដែលថាលោក ខៃ ប្រសិទ្ធ ទៅមានស្រីផ្សេង ឬ ត្រូវបានមន្ត្រីមានបុណ្យសក្តិខ្ពង់ខ្ពស់បង្ខំឲ្យរៀបការជាមួយកូនស្រីរបស់ខ្លួននោះ គ្មានប្រភពណាមួយអាចបញ្ជាក់ការពិតបានឡើយ។ រយៈពេលមួយឆ្នាំ ក្រោយពីចេញលិខិតលែងលះមក លោកខៃ ប្រសិទ្ធ បានចាកចេញទៅប្រទេសអូស្ត្រាលី។ គ្មានប្រភពព័ត៌មានច្បាស់លាស់ណាមួយ អាចបញ្ជាក់ពីមូលហេតុដែលគាត់ទៅប្រទេសអូស្ត្រាលីនោះបានទេ។
អ្នកស្រី ពិសិដ្ឋ ពីលីកា បានទទួលមរណភាពនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ដោយសារការបាញ់ប្រហារ ពីសំណាក់ខ្មាន់កំភ្លើងមិនស្គាល់មុខម្នាក់ ធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ទទួលអនិច្ចកម្មនៅមន្ទីរពេទ្យ។
នៅថ្ងៃទី ៦ ខែ កក្កដា ពេលដែលអ្នកស្រីកំពុងដើរផ្សារ នៅផ្សារអូរឫស្សី ក្នុងក្រុងភ្នំពេញ អ្នកស្រីត្រូវជនមិនស្គាល់មុខម្នាក់ បាញ់ប្រហារមកលើគាត់។ គាត់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រាប់កាំភ្លើងបានទៅផ្ដាច់ពួរឆ្អឹងខ្នងរបស់គាត់។ នៅក្នុងមន្ទីរពេទ្យ សាច់ញាតិដែលនៅសេសសល់របស់គាត់ បានឈរនៅជុំវិញគាត់ ហើយអ្នកទាំងអស់នោះ បានឮគាត់និយាយសួរថា «ហេតុអី ហេតុអីបានជាគេធ្វើដូចនេះមកលើរូបខ្ញុំ ? ខ្ញុំមិនដែលធ្វើអាក្រក់ចំពោះអ្នកណាម្នាក់ទេ» ។ នៅថ្ងៃទី ១៣ ខែ កក្កដា វេលាម៉ោង ៦ និង៣០នាទី ព្រឹក គាត់ក៏បានលាចាកលោកទៅ ដោយបន្សល់ទុក្ខនូវស្នាមទឹកភ្នែករមៀលធ្លាក់ចុះមក និងសំណួរគ្មានចំលើយជាច្រើន។
«បំណងដ៏ធំបំផុតរបស់ខ្ញុំ គឺចង់ក្លាយជាសាស្ត្រាចារ្យបង្រៀនក្បាច់រាំប្រពៃណីមួយរូប នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំចង់ជួយដល់ប្រជាជនខ្មែរ ជាពិសេសកូនចៅជំនាន់ក្រោយ តាមតែខ្ញុំអាចធ្វើបាន។ នេះជាអ្វីដែលខ្ញុំខំធ្វើអស់ពីកំលាំងកាយចិត្ត ហើយនេះជាបំណងដែលខ្ញុំចង់ធ្វើ» នេះជាសម្ដីរបស់អ្នកស្រី ពិសិដ្ឋ ពីលីកា។ ឥឡូវនេះ អ្វីៗគ្រប់យ៉ាងដែលគាត់បានបន្សល់ទុក គឺកិច្ចការទាំងឡាយដែលគាត់ធ្វើបានសំរេច រូបភាពប្រកបដោយសំរស់ស្រស់ត្រកាលរបស់គាត់ អដ្ឋិធាតុដែលនៅសេសសល់ពីពិធីបូជាសព និងកំហុសដ៏ធំក្រៃលែង ដែលយើងគ្រប់គ្នាត្រូវទទួលយក៕