ថ្លែងទៅកាន់ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាប៉ុន្មាននាទីមុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ចង់ឲ្យប្រជាកសិករនៅខេត្តព្រៃវែង ក្លាយជាអធិរាជត្រីអណ្តែង តាមរយៈការចិញ្ចឹមត្រីអណ្តែងនៅគ្រប់ទីកន្លែងទូទាំងខេត្ត ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា «ស្ថានីយ៍ផលិតកូនត្រីពូជ»។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។
លុះដល់ឆ្នាំ២០០៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តូរឈ្មោះ និងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់ពេលបច្ចុប្បន្ន។
មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។
មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនទាំងប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផង។
សូមបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះផ្នែកដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។
រីឯការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤.១៦លានតោននៅឆ្នាំ២០១៥ ដល់ ៤.៨៨លានតោននៅឆ្នាំ២០១៩ ស្មើនឹង ១៧,៣%។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៥៣៨ពាន់តោនដល់ជាង ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ គិតជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះគឺមានកំណើន ប្រមាណ ១៥.២៤%។ ក្នុងឆមាសទី១ឆ្នាំ២០២០នេះ បរិមាណនាំចេញអង្ករបានចំនួន ៤០២,៤២៤ តោន និងនាំចេញទៅកាន់ទិសដៅចំនួន ៥៦ប្រទេស ដោយក្រុមហ៊ុនឯកជនចំនួន ៦៦ក្រុមហ៊ុន។
គិតមកដល់ឆ្នាំ២០២០ នេះ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន ១១៩០សហគមន៍ ក្នុងនោះ ១៦៥សហគមន៍ បានធ្វើអាជីវកម្មចុះកិច្ច-សន្យាផលិតកម្មជាមួយវិស័យឯកជន៕