យោងតាមគណនីហ្វេសប៊ុកឈ្មោះ«មរតក» បានសរសេរលើកឡើងអំពីយុទ្ឋសាស្ត្ររបស់រដ្ឋបុរសដ៍មហិមារបស់វៀតណាម គឺ ហូ ជីមិញ ដើម្បីយកប្រទេសខ្មែរមកគ្រប់គ្រង ដែល«អង្រុត»សូមលើកយកខ្លឹមសារទាំងស្រុងរបស់គណនីនេះមកចុះផ្សាយមានអត្ថន័យទាំងស្រុងដូចតទៅ៖
ហូជីមិញដឹងថា ការគោរពរបស់ខ្មែរដែលមិនចេះសាបសូន្យមានចំនួនបីធំៗ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយហូជីមិញបានរៀបចំយុទ្ធសាស្ត្រ យ៉ាងល្អិតល្អន ដើម្បីបំបែករឿងទាំងបីហ្នឹង ប្រែទៅជាកលល្បិចវិញ ដើម្បីពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ។
ទីមួយ: ហូជីមិញដឹងថា ក្នុងជំនាន់ណាក៏ដោយ ឲ្យតែដល់ដំណាក់ការចុងក្រោយ ខ្មែរតែងតែងើបផុតពីការលេបត្របាក់របស់យួនជានិច្ច។ ដូចជាកាលពីសម័យសម្ដេចសីហនុ លាក់កងទ័ពយួនយៀកកុក ផែនការរបស់យួនប្រុងនឹងបានសម្រេចហើយ តែបែរជាលោកសេនាប្រមុខលន់នល់ ដេញយួនទៅវិញអស់គ្មានសល់។ ឈានមកដល់របបលោកប៉ុលពត ក៏ដូចគ្នា យួនវាគិតថា នឹងទទួលបានជោគជ័យហើយ តែបែរជាប៉ុលពត មិនព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួន បែរជាប្រឆាំងនិងយួន ទើបយួនវារៀបចំផែនការវ៉ៃប្រហាររបបលោកប៉ុលពត ដួលរលំ។
រហូតឈានមកដល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោកហេង សំរិន យួនក៏សង្ឃឹមយ៉ាងមុតមាំថា នឹងបានជោគជ័យដែរ តែចង្រៃអីកងទ័ពខ្មែរក្រហមមិនទាន់រលាយអស់ កងទ័ពខ្មែរក្រហមក៏វ៉ៃទប់ទល់នឹងកងទ័ពយួន រហូតដល់ប្រទេសខ្មែរបានសន្ធិសញ្ញាទីក្រុងប៉ារីស។
មកដល់ថ្ងៃនេះរៀបចំផែនការបន្តរបស់យួន គឺពង្វក់ប្រជាពលរដ្ឋខ្មែរមិនឲ្យគិតគូរនយោបាយ ហើយបើប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែមិនខ្វល់ខ្វាយពីរឿងនយោបាយ ប្រាកដជាចាញ់ឧបាយកលរបស់យួនជាក់ជាមិនខាន។
ទីពីរ: សាសនា ហូជីមិញដឹងថា ប្រទេសខ្មែរគោរពព្រះពុទ្ធសាសនា និងបញ្ហាជាច្រើនរបស់ខ្មែរ កាលពីជំនាន់ទសវត្សរ៍ទី៤០ ក៏ដោះស្រាយបានដោយសារព្រះសង្ឃនៅក្នុងសាសនាដែរ ។ នៅក្នុងនោះមានដូចជា អាចារ្យហែមចៀវ ព្រះគ្រូ ប៉ាង ខាត់ រួមមានព្រះសង្ឃរាប់រយអង្គទៀត បាននាំប្រជាពលរដ្ឋខ្មែរកាលពីជំនាន់នោះ ធ្វើបាតុកម្មសង្គ្រាមឆ័ត្រ និងទេសនាពន្យល់ដាស់ស្មារតី ប្រជាពលរដ្ឋខ្មែរ ។ ហើយហូជីមិញខ្លាចបំផុត គឺព្រះសង្ឃខ្មែរតែម្ដង ព្រោះថាព្រះសង្ឃមិនឆាន់ស្រា មិនមានស្រី ហើយមានសង្ឃដីការអ្វី ក៏ប្រជាពលរដ្ឋខ្មែរស្ដាប់តាមដែរ។
នៅក្នុងសៀវភៅជាច្រើនរបស់ហូជីមិញបានសរសេរថា ខ្លាចបំផុតពួកពាក់អាវធំ(ព្រះសង្ឃ) អង្គុយឆាន់តែ គិតតែមានសង្ឃដីកា ហើយនរណាក៏ស្ដាប់ធ្វើតាម។ តែមកដល់ជំនាន់នេះវិញ ហូ ជីមិញ បានដាក់ចារកម្ម ជាច្រើននៅក្នុងស្ថាប័នព្រះពុទ្ធសាសនា ហើយប្រើការពន្យល់ ពង្វក់ស្មារតីប្រជាពលរដ្ឋ អោយអត់គិតរឿងជាតិទឹកដី រឿងនយោបាយ ខ្វល់ខ្វាយតែរឿងបុណ្យបាប ឡើងឋានសួគ៌ រហូតដល់ទីវត្តអារ៉ាម ស្ថាប័នព្រះសង្ឃគ្រប់ខេត្តក្រុង ក្លាយទៅជាកន្លែងពួកខូចជ្រកកោន ដើម្បីបំផ្លាញព្រះពុទ្ធសាសនាទៅវិញ។
ទីបី: ព្រះមហាក្សត្រ ហូជីមិញដឹងថា ការយកទឹកដីខ្មែរកម្ពុជាក្រោមបានសម្រេច ក៏ដោយសារការខ្ចីដីដាក់កងទ័ពយួន កាលពីជំនាន់ព្រះបាទជ័យជេដ្ឋាទី២ ដែលមានប្រពន្ធជាជនជាតិយួន។ ហើយហូជីមិញ ក៏នៅតែប្រើផែនការនឹងដដែល គឺពង្វក់ស្ដេចខ្មែរ ដែលមានប្រពន្ធកូរ៉េខាងកើត ដើម្បីខ្ចីដីលាក់កងទ័ពយួនយៀកកុង និងធ្វើផ្លូវដឹកជញ្ជូនស្បៀង ជួយយួនខាងជើង វ៉ៃយួនខាងត្បូង ហើយយកកងទ័ពយួនយៀកកុងវ៉ៃ របបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ ដល់ដួលរលំ។ ហើយក៏ជាមេខ្លោងដែលបង្កើតរបបខ្មែរក្រហមឡើងដែរ ដែលហៅប្រជាពលរដ្ឋខ្មែរចូលព្រៃម៉ាក់គី។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ ក៍ដូចជាមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ជុំវិញការលើកឡើងរបស់គណនីឈ្មោះ «មរតក» ដែលមានខ្លឹមសារខាងលើ នាព្រឹកថ្ងៃទី១៦ កក្កដា ២០២០នេះ ៕