មកទល់នឹងព្រឹកថ្ងៃទី១៧ កក្កដា ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន១៧៥នាក់ហើយ ហើយក្នុងនោះករណីជាសះស្បើយមានចំនួន១៣៣នាក់ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថាខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន៥នាក់ ដែលជាករណីនាំចូលពីអាមេរិកក្នុងនោះខ្មែរ៣នាក់និងជនជាតិអាមេរិក២នាក់ជាមន្ត្រីការទូត ។
បើតាមក្រសួងសុខាភិបាលដែលចេញនៅថ្ងៃនេះ ពលរដ្ឋខ្មែរទាំង៣នាក់ដែលមានកូវីដ១៩នោះ មានបុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំម្នាក់និងកូនប្រុសលោកអាយុ៥ឆ្នាំ និងស្ត្រីជនជាតិខ្មែរអាយុ ៦០ឆ្នាំម្នាក់។ ពួកគាត់ទាំង៣ជាអ្នកដែលទើបត្រលប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា តាមជើងហោះហើរលេខ BR265 របស់ប្រទេសចិន ដែលផ្ទុកអ្នកដំណើររួមសរុបចំនួន ៧៧ នាក់ ។
បច្ចុប្បន្នអ្នកទាំង៣កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញ ចំណែកឯអ្នករួមដំណើរក្នុងយន្ដហោះចំនួន៨នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅឯមណ្ឌលចត្តាឡីស័ក្ដទ័ពអាកាស និង៦៦នាក់ទៀតនៅឯសណ្ឋាគារអូខេប៉ាឡេស។
ចំណែកមន្ត្រីការទូតជាន់ខ្ពស់អាមេរិកប្រចាំកម្ពុជាទាំង២នាក់ គឺបានមកដល់កម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដាដែរ ហើយពេលនេះកំពុងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។
ជនជាតិអាមេរិក២នាក់បានធ្វើដំណើរចេញពីសហរដ្ឋអាមេរិក និងបន្តដំណើរតាមជើងហោះហើរលេខ KE689 របស់កូរ៉េខាងត្បូងដែលផ្ទុកអ្នកដំណើរចំនួន ៩១នាក់មកកាន់ប្រទេសកម្ពុជាក្នុងថ្ងៃជាមួយគ្នានេះ។
សម្រាប់អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ដាច់ឡែកនៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញចំនួន១០នាក់ និង៧៩នាក់ទៀត ត្រូវបានដាក់ឱ្យស្នាក់នៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១៕