មន្ត្រីជំនាញកូរ៉េខាងជើងជាច្រើននាក់ ត្រូវបានលោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង បានបណ្តេញនិងដកតំណែង ដោយសារតែប្រព្រឹត្តអំពើពុករលួយក្នុងការសាងសង់មន្ទីរពេទ្យមួយឈ្មោះPyongyang General Hospital ។
បើតាម Reuters លោក គីម ជុងអ៊ុន មានការខឹងសម្បារយ៉ាងខ្លាំងទៅនឹងមន្ត្រីក្រោមឱវាទជំនាញទទួលកិច្ចការងារសាងសង់មន្ទីរពេទ្យខាងលើ ដែលហ៊ានក្បត់លោកនិងបក្ស ដោយបង្ខំនិងជំរិតទារលុយពីពលរដ្ឋជាលេសចូលរួមវិភាគទានក្នុងការសាងសង់មន្ទីរពេទ្យPyongyang General Hospital ហើយដែលការសាងសង់មន្ទីរពេទ្យនេះ លោកចាត់ទុកជាការលើកកម្ពស់កែលម្អវិស័យសុខាភិបាលសាធារណៈ ខណៈដែលប្រទេសកុម្មុយនីស្តមួយនេះកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃមេរោគ COVID-19។
បើតាម Reuters លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យសាងសង់មន្ទីរពេទ្យ Pyongyang General Hospital ហើយឲ្យការសាងសង់នេះរួចរាល់នៅមុនខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅខែតុលាឆ្នាំ២០២០ខាងមុខនេះ ៕