សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានព្រមានជាថ្មីម្តងទៀត ដោយបញ្ចេញឈ្មោះប្រជាពលរដ្ឋណាដែលមិនទាន់បង់ថ្លៃសំរាម ។
បើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី២៣ កក្កដា ២០២០ បានបញ្ជាក់ថា សាលាក្រុងភ្នំពេញនឹងចេញលិខិតអញ្ជើញរំឮកជាថ្មីទៀតឲ្យទូទាត់បំណុលរួម ។ បើប្រជាពលរដ្ឋណានៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទៀត សាលាក្រុងភ្នំពេញនឹងចាត់វិធានការមួយដូចជា បញ្ចេញបញ្ជីឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញ។
ជាការកត់សម្គាល់ ការបង់ថ្លៃសំរាមនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ហាក់មានបញ្ហាយឺតយ៉ាវនិងមិនយល់គ្នារវាងសាលាក្រុងនិងពលរដ្ឋមួយចំនួនតូច ក្រោយពីរដ្ឋាភិបាលសម្រេចដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី ដែលកន្លងទៅ ការបង់ថ្លៃសំរាមឲ្យក្រុមហ៊ុននេះ គឺត្រូវបានកំណត់រួមគ្នាជាមួយនឹងថ្លៃអគ្គិសនី។ តែក្រោយពីក្រុមហ៊ុននេះអស់សិទ្ធិប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃសំរាមតាមមធ្យោបាយថ្មីដែលកំណត់ដោយរដ្ឋាភិបាលគឺតាមរយៈធនាគារ ឬភ្នាក់ងារវេលុយផ្សេងៗទៀត ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចពួកគាត់ទំនងជាមិនយល់ពីនីតិវិធីនៃការបង់ថ្លៃសំរាម ទើបមានការរអាក់រអួលយឺតយ៉ាវ ជាហេតុធ្វើឲ្យសាលារាជធានីភ្នំពេញ ចេញការព្រមានជាច្រើនដងមកហើយ ៕