លោក ផៃ ស៊ីផាន ៖​ យុវជនក្នុងក្រុមឧទ្ទាមគ្មានវាសនាដឹកនាំប្រទេសទេ

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ លោក ផៃ ស៊ី​ផា​ន បាន​ស្រង់​ប្រសាសន៍​របស់​អ្នកតំណាង​រាស្ត្រ​ដោយ​បញ្ជាក់​ថា យុវជន​នៅ​ក្នុង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គ្មាន​វាសនា​បាន​បន្តវេន​ដឹកនាំ​ប្រទេស​នោះ​ទេ ។​

​បើ​តាម​លោក ផៃ ស៊ី​ផា​ន យុវជន​នៅ​ក្នុង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ កុំ​ថា​ឡើយ​គ្មាន​វាសនា​បាន​បន្តវេន​ដឹកនាំ​ប្រទេស សូ​ម្បី​តែ​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ក៍​គ្មាន​ដែរ ។​

​ការ​លើក​ឡើង​របស់​លោក​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ខាងលើ​នេះ ត្រូវ​បាន​លោក​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​ជា​មតិ​របស់​តំណាងរាស្ត្រ តែ​លោក​មិន​បញ្ជាក់​អត្តសញ្ញាណ​នោះ​ទេ ។​

​នៅ​លើ​បណ្តាញ​សង្គម​លោក ផៃ ស៊ី​ផា​ន បាន​សរសេរ​បញ្ជាក់​យ៉ាង​ខ្លី​ថា​«​យុវជន​នៅ​ក្នុង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ = គ្មាន​វាសនា​ចូល​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​និង​ក៏​គ្មាន​វាសនា​បាន​បន្តវេន​ដឹកនាំ​ប្រទេស​ដែរ​។ ស្នេ​ី​រង់ចាំ​ទទួល​កេ​រ្ត៏​មរ​ត៌​ក​ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទៅ ។​» ។​

​ការ​លើក​ឡើង​របស់​លោក​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនក្មួយ​និង​សាច់ញាតិ​សណ្តាន​របស់​ថ្នាក់ដឹកនាំ​កំពូល​ៗ ក៍​ដូច​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ឲ្យ​កាន់​មុខ​តំណែង​និង​តួនាទី ក៍​ដូច​ជា​ដំឡើង​តួនាទី​និង​ឋានន្តរស័ក្តិ​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ​ជា​ច្រើន​រូប ៕