មេរោគកូវីដ១៩ មិនត្រឹមជាមេរោគដ៍កាចសាហាវសម្លាប់មនុស្សរាប់សិបម៉ឺននាក់តែក្នុងរយៈពេលជាងកន្លះឆ្នាំ និងបានធ្វើមនុស្សភ័យខ្លាច សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក្រោមសូន្យប៉ុណ្ណោះទេ វាថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ ។
យោងតាមឯកសារស្រាវជ្រាវរបស់អង្គការសហប្រជាជាតិដែលចេញផ្សាយជាសាធារណៈកាលពីសប្តាហ៍មុន បានបង្ហាញថា ការរាតត្បាតនៃវីរុសកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តមនុស្សគ្រប់វ័យ នៅទូទាំងសកលលោក ក្នុងនោះគេកត់សម្គាល់ឃើញថា អត្រាមនុស្សកើតជំងឺធ្លាក់ទឹកចិត្ត (Depression) និងជំងឺភ័យ/ថប់បារម្ភ (Anxiety Disorders) មានការកើនឡើង ៣ដង ដែលមានអត្រាប្រេវ៉ាឡ់ង់ កើនពី ៣៥% ទៅដល់ ៦០% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ។
ដោយឡែកក្រៅពីបង្ហាញឡើងនូវតួលេខពីការកើនឡើងនៃអ្នកជំងឺធ្លាក់ទឹកចិត្តនៅអំឡុងពេលពិភពលោកទាំងមូលបាននិងកំពុងប្រឈាមទៅនឹងបញ្ហាមេរោគកូវីដ១៩នេះ របាយការណ៍របស់អង្គការសហប្រជាជាតិដដែល ក៍បានឲ្យដឹងដែរថា បញ្ហាសុខភាពផ្លូវចិត្តលើកុមារ និងវ័យជំទង់ ក៏មានការប៉ះពាល់ដែរ ដែលមានអត្រាប្រេវ៉ាឡង់ ប្រមាណ ៣០% ទៅ៧៧% និង ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ក៏មានកំណើនប្រមាណ២០%ដែរ ក្នុងចំណោម ក្រុមមនុស្សអាយុពី ១៥ ឆ្នាំ ដល់៤៩ ឆ្នាំ ។
ចំណែកនៅកម្ពុជា មិនទាន់មានរបាយការណ៍ជុំវិញបញ្ហាជំងឺធ្លាក់ទឹកចិត្តនៅអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ-១៩នេះនៅឡើយទេ ប៉ុន្តែនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេកត់សម្គាល់ឃើញអត្រានៃអ្នកធ្វើអត្តឃាតបានកើនឡើងគួរឲ្យព្រួយបារម្ភ ៕