លោក អ៊ុក ពញា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានព្រះមហាក្សត្រ តាមសំណើលោក ហ៊ុន សែន តែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា ២០២០ និងត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៩ កក្កដានេះ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ ក៍ដូចជាលោក អ៊ុក ពញ្ញា ផ្ទាល់មិនអាចរកការទំនាក់ទំនងសុំអត្ថាធិប្បាយបានទេនៅព្រឹកថ្ងៃពុធដដែលនេះ ។
មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជាបានតែងតាំងក្មេងៗដែលជាកូនក្មួយមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរួបឲ្យកាន់តំណែងចាប់ពីប្រធាន អនុប្រធាននាយកដ្ឋាន អគ្គនាយក អគ្គនាយករង ចៅហ្វាយខេត្ត ភូឈួយខេត្ត(អភិបាលរងខេត្ត) រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័នជាតិនានា។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ការតែងតាំងក្មេងៗឲ្យកាន់តំណែងខ្ពស់ៗក្នុងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក៍ព្រោះតែពួកគេមានចំណេះជំនាញច្បាស់លាស់ សញ្ញាបត្របណ្ឌិត អនុបណ្ឌិតមកពីក្រៅប្រទេស ដូចជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណី ជាដើម ៕