មេព័ត៌មានស្រុកខ្មែរយល់ថាអ្នកមានលុយខ្លះដោយសារប្រព្រឹត្តអំពើអាក្រក់

    លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ហាក់​សម្តែង​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​របស់​លោក​អំពី​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ខ្មែរ គឺ​បាន​មក​ពី​ការ​ប្រព្រឹត្ត​អំពើអាក្រក់​ដូច​ជា​ពុក​រលួយ កាប់​បំផ្លាញ​ព្រៃឈើ លក់​រ៉ែ លក់​ដី​និង​ប​ន្ល​ន់​ពី​រាស្ត្រ​ជាដើម ។​

    ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​រដ្ឋមន្ត្រី ដែល​ទទួល​បានការ​ចុច Like និង Share ជា​ច្រើន​ពី​សំណាក់​Friends​របស់​លោក លោក​បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ថ្លុក​ដែល​ជា​តួអង្គ​យមរាជ​ប្រាប់​អ្នក​ដែល​ស្លាប់​ថា​«​សូមទោស​ហាម​មិន​ឲ្យ​យក​អីវ៉ែអីវ៉ាន់​ទៅ​ជាមួយ​ទេ លុយ​លក់​ឈើ លក់​រ៉ែ លក់​ដី វីឡា​នាឡិកា តម្លៃ​រាប់​លាន ប​ន្ល​ន់​ពី​រាស្ត្រ​មិន​អាច​យក​ទៅ​ជាមួយ​ទេ »​។​

    ​ក្នុង​ន័យ​ខាងលើ​នេះ លោក ខៀវ កា​ញា​រី​ទ្ឋ ដែល​គេ​ស្គាល់​ថា​អ្នក​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ​និង​ខ្ពង់ខ្ពស់ និង​ចូល​ចិត្ត​សប្បាយ​ក្រៅ​ម៉ោង​ធ្វើការ ទំនងជា​លោក​ចង់​ប្រាប់​ទៅ​អ្នកមាន​អំណាច​និង​លុយកាក់​រាប់​លាន​ដុល្លារ​ថា ស្លាប់​ទៅ​មិន​អាច​យក​អ្វី​ទៅ​តាម​ខ្លួន​បាន​នោះ​ទេ គឺ​មាន​តែ​អំពើ​បាប​និង​បុណ្យ​ប៉ុណ្ណោះ​ដែល​អាច​យក​ទៅ​តាម​ខ្លួន​បាន​ដូច​ពុ​ទ្ឋ​ឱវាទ​ប្រៀនប្រដៅ​។ ដូច្នេះ ត្រូវ​សាង​អំពើ​ណា​ដែល​ល្អជា​កុសល​ដើម្បី​ជា​ស្ពាន​ចម្លង​ទៅ​កាន់​និព្វាន ។​

    ​យ៉ាងណា លោក ខៀវ កា​ញា​រី​ទ្ឋ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ ជុំវិញ​សំ​ណេ​រ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៦ មេ​សា​កន្លង​ទៅ ៕