មនុស្ស០៤នាក់ត្រូវបានអាជ្ញាធរថៃប្រកាសថាបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងការបាញ់ប្រហារមួយក្នុងកាស៊ីណូ ក្នុងនោះជនរងគ្រោះស្លាប់ក៍មានស្ត្រីម្នាក់ជាជានជាតិខ្មែរផងដែរ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយថៃ ជនរងគ្រោះជាស្ត្រីខ្មែរដែលស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅកន្លែងលេងល្បែងកាស៊ីណូរបស់ឈ្មោះ«ហ៊ាទី» ដោយមិនដឹងមូលហេតុនេះឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Vibol Love បានបញ្ជាក់ថា ស្ត្រីរងគ្រោះជាបុគ្គលិកកាស៊ីណូ Star Vegas ផ្នែក DNA ហើយទើបនឹងផ្លាស់ទៅធ្វើការនៅក្នុងកាស៊ីណូ«ហ៊ាទី» ដែលជួលឲ្យជនជាតិចិន នៅក្នុងអគារពាណិជ្ជកម្មព្រះរ៉ាម៣ ផ្លូវលេខ៦៦ ខេត្តនន់បុរី ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយថៃ ហេតុការណ៍បាញ់ប្រហារគ្នាមិនទាន់ដឹងពីមូលហេតុខាងលើនេះ បានកើតឡើងនៅម៉ោងប្រមាណ១១យប់ថ្ងៃទី០៣ សីហា ម្សិលមិញ ។
អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានអះអាងប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅរសៀលនេះថា ក្នុងហេតុការណ៍បាញ់ប្រហារគ្នាក្នុងកាស៊ីណូខាងលើ ពិតជាមានស្ត្រីខ្មែរម្នាក់ឈ្មោះ មៀច ស្រីពៅ ស្លាប់ប្រាកដមែន ។
បើតាមលោក កុយ គួង នៅពេលនេះស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ជាពិសេសជាមួយនគរបាលថៃ ហើយមន្ត្រីស្ថានទូតបានធ្វើដំណើរ ទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការណ៍ក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។
ស្ថានទូតក៏បានធ្វើទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីជាតិនៅភូមិកំណើតក្នុងប្រទេសកម្ពុជា ៕