ទំហំនៃការខូចខាតពីការផ្ទុះឃ្លាំងគីមីនៅទីក្រុងបេរូត ប្រទេសលីបង់ គឺមានប្រមាណពី៣០០០ទៅ៥០០០លានដុល្លារ ហើយក្នុងនោះមនុស្សជាង៣០ម៉ឺននាក់កំពុងរស់ដោយគ្មានទីជម្រក ។
នេះបើយោងតាមលោក ម៉ាវ៉ាន់ អាប៊ូដ Marwan Abboud អភិបាលក្រុងបេរូត (Beirut)ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកចេញផ្សាយនៅល្ងាចថ្ងៃទី០៥ សីហានេះ ។
បើតាមលោកអភិបាលក្រុងបេរូតដដែល នៅពេលនេះអាជ្ញាធរកំពុងផ្តល់ស្បៀងអាហារ ទឹក និងកំពុងរកទីជម្រកសម្រាប់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង ។
ប្រធានាធិបតីនៃសាធារណរដ្ឋលីបង់ លោក មីស្សែល អេអ៊ូន (Michel Aoun) បានប្រកាសឲ្យខុទ្ទកាល័យរបស់លោករៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធនេះ បន្ទាប់ពីមានការផ្ទុះដ៍កក្រើកមួយកាលពីល្ងាចថ្ងៃម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ជាង១០០នាក់និងរបួសធ្ងន់ស្រាលជាង៤០០០នាក់ (តួលេខនេះគិតត្រឹមម៉ោង៤រសៀលនេះ) និងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលពីរសប្តាហ៍។
កាលពីយប់មិញ ភ្លាមៗក្រោយការផ្ទុះ រដ្ឋាភិបាលក៍បានប្រកាសឲ្យមានការកាន់ទុក្ខអ្នលស្លាប់រយៈពេល៣ថ្ងៃផងដែរ គិតចាប់ពីថ្ងៃនេះទៅ ។
គួររំលឹកថា នៅម៉ោងប្រមាណ៦ល្ងាច ម៉ោងនៅក្នុងប្រទេសលីបង់ មានហេតុការណ៍ផ្ទុះដ៏កក្រើកមួយ ដែលទីតាំងផ្ទុះនេះត្រូវគេដឹងថាជាឃ្លាំងផ្ទុកសារធាតុគីមីដ៍ធំមួយរបស់ប្រទេស គឺស្ថិតនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត ។
បើតាមអាជ្ញាធរលីបង់ សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) មានទម្ងន់ ២,៧៥០តោន ត្រូវបានរក្សាទុកក្នុងឃ្លាំងដែលរងការផ្ទុះនោះអស់រយៈពេល០៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ ។ ក្រោយមានមនុស្សស្លាប់និងរបួសច្រើននាក់ រដ្ឋាភិបាលលីបង់បានសន្យាថា នឹងរកមុខអ្នកទទួលខុសត្រូវលើសោកនាដកម្មនេះ ព្រមទាំងដាក់ទោសឱ្យធ្ងន់ធ្ងរជាទីបំផុត។
លីបង់ជាប្រទេសដែលស្ថិតនៅទិសខាងលិចនៃទ្វីបអាស៊ី ស្ថិតនៅក្បែរសមុទ្យមេឌីទែររ៉ានេ។មានព្រំដែនខាងត្បូងជាប់ប្រទេសអ៊ីស្រាអែល ហើយខាងកើតនិងខាងជើងជាប់នឹងប្រទេសស៊ីរី។ប្រទេសលីបង់បានទទួលនៅឯករាជ្យតាំងពីឆ្នាំ១៩៤៣ ហើយមានប្រជាជនប្រមាណ៤លាននាក់រស់នៅទីនោះ។មានប្រជាជនលីបង់១៦លាននាក់បានរស់នៅប្រទេស ផ្សេងៗដែលមិនមែនជាប្រទេសរបស់គេ។រាជធានីរបស់ប្រទេសនេះគឺទីក្រុងប៊ីរូត។
ប្រទេសលីបង់មានជួរភ្នំពីរ។វាជាធម្មតាត្រូវបានគេហៅថាជាប្រទេសមួយដែលដូចជាត្បូងដ៏មានតំលៃ នៅអាស៊ីខាងលិច។ប្រទេសលីបង់មានផ្ទៃដី១០៤៥២គីឡូម៉ែតការេ។៥៩,៧០ភាគរយនៃប្រជាជនលីបង់ជាអ្នកដែលកាន់សាសនាម៉ូស្លីម នឹង៣៩ភាគរយទៀតជាសាសនាគ្រីស្ត។ អ្នកដែលនៅសល់ប្រហែល១,៣ភាគរយ ខ្លះកាន់សាសនាអ៊ីប្រិក ខ្លះទៀតកាន់សាសនាព្រះពុទ្ធ នឹងមានសាសនាផ្សេងៗទៀតជាច្រើន៕