ទោះមេឃត្រជាក់ធ្លាក់ភ្លៀង ក៍លោកស្រី កុយ ពិសី ហៅអ្នករិះគន់ព្រំដែនថាជាពួកឧទ្ទាម

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ហាក់​មិន​សប្បាយចិត្ត​ទៅ​នឹង​អ្វី​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​និង​កំពុង​ធ្វើ​រិះគន់​ទៅ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​លោកស្រី​បាន​ចាត់​ទុក​អ្នក​រិះគន់​បញ្ហា​ព្រំដែន​មួយ​ចំនួន​តូច​គឺជា​ក្រុម​ឧទ្ទាម ។​

​លោកស្រី កុយ ពិសី បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា «​ស​មិ​ទ្ឋ​ផល​ដ៏​ធំធេង​របស់​ជាតិ និង​ភក្តីភាព​របស់​យើង ចំពោះ​ជាតិ​មាតុភូមិ ត្រូវ​បាន​ក្រុម​ឧទ្ទាម​មូល​បង្កាច់ បំពុលសង្គម​ហួស​ពី​ការ​គិត​។ ដើម្បី​បាន​ផលប្រយោជន៍ គេ​បោះចោល​អស់​គុណធម៌ ជាន់ឈ្លី​ភាព​ស្មោះត្រង់ បំភ័ន្ត​អ្នក​ទន់ខ្សោយ​យ៉ាង​ពិសពុល​។ ទ​ង្វើ​អាក្រក់​របស់​គេ ទឹកដី​នេះ​អាច នឹង​មិន​ទទួលស្គាល់​គេ​ឡើយ​»​។​

​ការ​លើក​ឡើង​របស់​លោកស្រី​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ប្រទេស​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០ បាន​ប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ ដែល​គណៈកម្មការ​ព្រំដែន​ខ្មែរ​អះអាង​ថា​ជា​ផែនទី​ទំនើប​សម័យ​ឌី​ជី​ថ​ល​។​

​នៅ​ក្រោយ​ការ​ប្រគល់​និង​ទទួល​ផែនទី​ខ្នាត​ខាងលើ​នៅ​ឯ​ទឹកដី​វៀតណាម មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត និង​ខ្លះ​ថា ផែនទី​ខ្នាត​១/២៥ ០០០ នឹង​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី​តាម​ព្រំដែន​បន្ត​ទៀត ។ ក្រៅពី​ការ​សម្តែង​ការ​មិន​សប្បាយចិត្ត អ្នក​រិះគន់​មួយ​ចំនួន​តូច ក៍​ដូច​ជា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​ចោទ​លោកស្រី កុយ ពិសី ថា​ជា​ជនជាតិ​វៀតណាម មក​បង្កប់​នៅ​កម្ពុជា​នោះ​ថែម​ទៀត ។​

​យ៉ាងណា លោកស្រី កុយ ពិសី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១/២៥ ០០០​នេះ បាន​បង្ហាញ​ពេញលេញ​លទ្ធផល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ប្រមាណ​ជា ៨៤% ដែល​ប្រទេស​ទាំង​ពី​សម្រេច​បាន​។​

​លោកស្រី​បញ្ជាក់​ទៀត​ថា ផែនទី​នេះ​ជា​ផែនទី​ទំនើប​សម័យ​ឌី​ជី​ថ​ល ៤.០ ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នៅ​លើ​ដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុង​ការ ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១/១០០០០០ ដែល​មាន​តែ​ខ្សែ​ព្រំដែន ហើយ​មិន​មាន​អ្វី​បង្ហាញ​ជាក់លាក់​ច្រើន​ជាង​នេះ ៕