ការផ្ទុះនៅលីបង់៖ ស្លាប់កើនដល់១៣៥នាក់និងរបួស៥០០០នាក់

គិត​ត្រឹម​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ សីហា​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​ក្បែរ​កំពុង​ផែ​ទីក្រុង​បេ​រូត​ប្រទេស​លី​បង់​បាន​កើន​ដល់​១៣៥​នាក់ របួស​៥០០០​នាក់​និង​បាត់​ខ្លួន​១០​នាក់ ។​

​នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លី​បង់ ដែល​ថ្លែងប្រាប់​ទូរទស្សន៍ Al Manar នា​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​

​លោក Marwan Hamadeh អតីត​សមាជិក​សភា​លី​បង់​ដែល​ទើប​លាលែង​តំណែង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​មានការ​ផ្ទុះ​ដ៍ក​ក្រើន​នេះ​រួច​មក​នោះ បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​ការ​ផ្ទុះ​ដ៍​មហន្តរាយ​ដែល​មិន​ធ្លាប់​កើត​មាននៅ​លី​បង់​ពី​មុន​មកនេះ ។​

​នៅ​ក្នុង​ហេតុការណ៍​ដ៍រ​ន្ឋ​ត់​សម្រាប់​លី​បង់​និង​ពិភពលោក​ទាំងមូល​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត កាលពី​ថ្ងៃ​ម្សិលមិញ ក៍បាន​សព្វព្រះរាជហឫទ័យ​ព្រះ​រាជទាន​ព្រះរាជ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ក្នុង​ព្រះ​នាម​ព្រះ​អង្គ​និង​ប្រជារាស្ត្រ​កម្ពុជា​ជូន​ប្រធានាធិបតី​លី​បង់ នាយ​ឧត្តមសេនីយ៍ MICHEL AOUN ផង​ដែរ​៕