សំណួរខាងលើនេះ នៅមិនទាន់មានចម្លើយច្បាស់លាស់នោះនៅឡើយទេ បើទោះបីជាមានការសន្និដ្ឋាននិងដាក់ការសង្ស័យពីសំណាក់មេដឹកនាំកំពូលៗរបស់ពិភពលោកមួយចំនួនថា ការផ្ទុះឃ្លាំងស្តុកសារធាតុគីមីរាប់សិបតោននៅលីបង់កាលពីល្ងាចថ្ងៃទី០៤ សីហានោះ គឺជាការវាយប្រហារដោយចេតនាក្តី ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងដោយស្រង់សម្តីរបស់ឧត្តមសេនីយ៍អាមេរិកម្នាក់ដែលប្រាប់លោកថា ការផ្ទុះនៅលីបង់នេះ ហាក់ដូចជាបណ្តាលមកពីគ្រាប់បែកមួយប្រភេទ ដែលមើលទៅដូចជាការវាយប្រហារដ៍គួរឲ្យខ្លាច។
យ៉ាងណាក៍ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់អាមេរិក បានប្រាប់ AFP ថា យើងមិនមានព័ត៌មានសម្រាប់អ្នកទេ អ្នកត្រូវទាក់ទងទៅសេតវិមានដើម្បីសុំការបំភ្លឺ ។
ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយគ្មានភស្តុងតាងខាងលើនេះ គឺគាប់ជួននឹង លោក Marwan Hamadeh អតីតសមាជិកសភាលីបង់ដែលទើបលាលែងតំណែងកាលពីថ្ងៃអង្គារ ដែលលោកហាក់ដាក់ការសង្ស័យដូចលោកត្រាំដែរ និងបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្កើតគណៈកម្មការឯករាជ្យមួយបើកការស៊ើបអង្កេតសំណុំរឿងដ៍មហន្តរាយមួយនេះ ។
ដោយឡែក នៅមុននេះបន្តិច ប្រព័ន្ឋផ្សព្វផ្សាយបរទេសបានឲ្យដឹងថា អាជ្ញាធរលីបង់បានចេញបញ្ជាឲ្យឃាត់ខ្លួនបុគ្គលិកនិងមនុស្សមួយចំនួនដែលមានលំនៅដ្ឋាននៅក្បែរឃ្លាំងស្តុកសារធាតុគីមីដែលផ្ទុះនោះ ។
អ្វីដែលជាការកត់សម្គាល់ ការផ្ទុះឃ្លាំងនៅក្បែរកំពង់ផែមួយក្នុងទីក្រុងបេរូតប្រទេសលីបង់នេះ គឺបានកើតឡើងពីរថ្ងៃមុនពេលដែលប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ ក៍បានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ឋជនរងគ្រោះជប៉ុនជាង៣២ម៉ឺននាក់ដែលបានបាត់បង់ជីវិតក្នុងមហាសោកនាដកម្មការទម្លាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្សាសាគី កាលពី៧៥ឆ្នាំមុនពីសំណាក់សហរដ្ឋអាមេរិក ដើម្បីបង្ខំឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ ។
ពោលគឺមានន័យថា ការផ្ទុះនៅលីបង់ គឺនៅថ្ងៃទី០៤ សីហា ២០២០ ខណៈការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ សីហា ១៩៤៥ ហើយបើយើងពិនិត្យមើលទៅលើរូបភាពនៃការផ្ទុះនៅលីបង់និងទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺស្រដៀងគ្នា(ទម្រង់ជាផ្សិត) ។
តាមតួលេខចុងក្រោយដែល«អង្រុត»យកពីប្រព័ន្ឋផ្សព្វផ្សាយក្រៅស្រុកបានបង្ហាញថា ចំនួនមនុស្សស្លាប់ដោយការផ្ទុះនៅលីបង់កើនដល់១៣៧នាក់ហើយ បាត់ខ្លួនរាប់សិបនាក់ និង របួសជាង៥០០០នាក់ ហើយអាជ្ញាធរសុខាភិបាលលីបង់បានអះអាងថាតួលេខអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ។ ជាមួយគ្នានេះដែរ អាជ្ញាធរលីបង់បានវាយតម្លៃទំហំនៃការខូចខាតគឺបានកើនចន្លោះពី១០ពាន់លានដុល្លារដល់១៥ពាន់លានដុល្លារ ខណៈដែលប្រទេសអូស្ត្រាលី បារាំង រុស្ស៊ី អ៊ីស្រាអែល អង់គ្លេស កាតា អាមេរិក អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតប្រកាសថានឹងផ្តល់ថវិកាសង្គ្រោះ ក្នុងនោះក៍សប្បុរសជនមួយចំនួនទៀត ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសលីបង់បានប្រកាសថាទីក្រុង បេរូត ជាតំបន់គ្រោះមហន្តរាយហើយលោក Diab បានអំពាវនាវដល់សម្ព័ន្ធមិត្តរបស់លីបង់ឲ្យជួយនិងបញ្ជូនជំនួយ។
លោកប្រធានាធិបតី Michel Aoun បានប្រកាសថា លោកនឹងបញ្ចេញថវិកាបន្ទាន់ចំនួន១០០ពាន់លានលីរ៉ា (៦៦លានដុល្លារអាមេរិក)។
នៅថ្ងៃព្រហស្បតិ៍នេះដែរ លោកប្រធានាធិបតីបារាំង អ៊ីម៉ាណូអ៊ែល ម៉ាក្រុង (Emmanuel Macron) នឹងក្លាយជាមេដឹកនាំកំពូលមុនគេដែលជាន់ទឹកដីលីបង់ ពីរថ្ងៃក្រោយការផ្ទុះដ៍មហន្តរាយនេះ ខណៈដែលរុស្ស៊ីនឹងបញ្ជូនក្រុមសង្គ្រោះនិងពេទ្យជាង១០០នាក់ រួមទាំងបរិក្ខាសម្ភារជាច្រើនទៀតទៅជួយសង្គ្រោះលីបង់ ៕