បន្ទាប់ពីបរាជ័យក្នុងការចរចាដោះដូរគោលនយោបាយជាមួយប្រជាពលរដ្ឋមួយគ្រួសារ រដ្ឋាភិបាលចិនមិនបង្អង់យូរ ក៍សម្រេចបន្តសាងសង់ផ្លូវហាយវ៉េរបស់ខ្លួន វៀងផ្ទះប្រជាពលរដ្ឋនោះ ដោយរដ្ឋាភិបាលមិនវាយកម្ទេច ឬឈូសឆាយនោះទេ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយរបស់ហុងកុងបានឲ្យដឹងថា រដ្ឋាភិបាលចិន បានធ្វើការចរចាជាមួយលោកស្រី Liang ជាម្ចាស់ផ្ទះច្រើនដងមកហើយ តែមិនឯកភាពគ្នា ដោយរដ្ឋាភិបាលបានផ្ដល់សំណងជូនលោកស្រីនូវផ្ទះចំនួន២ល្វែង និងប្រាក់ចំនួន ១.៣ លានយ័ន (ឬប្រហែល ១៨៦,៥០០ ដុល្លារអាមេរិក) ប៉ុន្ដែអ្នកស្រី បានទាមទារផ្ទះចំនួន៤ល្វែង និងប្រាក់ ២លានយ័ន (ឬប្រហែល ២៨៧,០០០ ដុល្លារអាមេរិក)។
សូមបញ្ជាក់ថា ផ្ទះលោកស្រី Liang មានដីទំហំ៤០ម៉ែត្រការ៉េ ស្ថិតនៅចំកណ្ដាលនៃស្ពានហាយវ៉េ Haizhuyong ក្នុងទីក្រុងក្វាងចូវ ហើយលោកស្រីគឺជាម្ចាស់ផ្ទះម្នាក់គត់ ក្នុងចំណោមម្ចាស់ដីទាំង៤៧នាក់ និងក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលមិនទទួលយកនូវការដោះដូរគោលនយោបាយរបស់រដ្ឋាភិបាលចិន ខណៈម្ចាស់ផ្ទះផ្សេង៤៦នាក់និងក្រុមហ៊ុនទាំង៧ ពួកគេបានយល់ព្រមទទួលយកសំណងពីរដ្ឋាភិបាល ហើយបានរើចេញតាំងពីចុងខែកញ្ញា ឆ្នាំ២០១៩ ។
បើតាមលោកស្រី Liang រដ្ឋាភិបាលមិនបានផ្ដល់សំណងតាមការទាមទាររបស់លោកស្រីសម្រាប់ទីតាំងថ្មីដែលល្អនោះទេ ផ្ទុយទៅវិញ គឺជំនួសដោយផ្ទះល្វែងដែលមានទីតាំងជិតកន្លែងបញ្ចុះសព ទើបអ្នកស្រីមិនអាចទទួលយកបាន។
យ៉ាងណាក៍ដោយ ប្រភពបន្តថា រដ្ឋាភិបាលនៅតែចរចាជាមួយលោកស្រីបន្តទៀតក្នុងស្មារតីគោរពសិទ្ឋិគ្នាទៅវិញទៅមក ។
បច្ចុប្បន្ន ផ្ទះលោកស្រី កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានា ក៍ដូចជាភ្ញៀវទេចរផងដែរ ។
បើទោះបីថាចិន ត្រូវបានគេចោទថាជាប្រទេសកុម្មុយនីស្តនិងផ្តាច់ការ តែទង្វើរបស់រដ្ឋាភិបាលមហាយក្សខាងលើនេះ ត្រូវទទួលបាននូវការកោតសរសើរពីសំណាក់ក្រុមសង្គមស៊ីវិលមួយដែលឃ្លាំមើលការគោរពសិទ្ឋិមនុស្សនៅក្នុងប្រទេសចិនផងដែរ ៕