យុវជនខ្មែរកម្ពុជាក្រោម ហៅការប្រារព្ធទិវាអុំទូកងខ្មែរ ខុសរដូវកាលដែលរៀបចំឡើងដោយអាជ្ញាធរវៀតណាមនោះជាការបន្សាប វប្បធម៌ប្រពៃណី ប្រណាំងទូកង របស់ខ្មែរកម្ពុជាក្រោម។
ក្ដីបារម្ភរបស់យុវជនខ្មែរក្រោម ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមបានចាត់តាំងមហោស្រពកីឡា នៃតំបន់ដែនដីសណ្ដរ ទន្លេមេគង្គលើកទី ៨ នៅខត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ត្រា វិញ (Tra Vinh) កាលពីថ្ងៃទី២ សីហាកន្លងទៅនេះ។
យុវជនខ្មែរក្រោមម្នាក់នៅខេត្តព្រះត្រពាំងឈ្មោះ ថាច់ កឿង ថ្លែងថា លោកមិនពេញចិត្តចំពោះកម្មវិធីនេះឡើយ ទោះជាអាជ្ញាធរវៀតណាមអះអាងថា ធ្វើឡើងដើម្បីខ្មែរក៏ដោយ ព្រោះកម្មវិធីនេះគ្មានរៀបចំតាមទំនៀមទម្លាប់ខ្មែរនោះទេ។ ចំណែកពិធីករ និងពិធីការិនីវិញ លោកថា សុទ្ធតែជាជនជាតិវៀតណាម រីឯបដាទាំងឡាយក៏គ្មានអក្សរខ្មែរនោះដែរ។
យុវជនខ្មែរក្រោមរូបនេះ យល់ថាអាជ្ញាធរវៀតណាមរៀបចំកម្មវិធីអុំទូកងរបស់ខ្មែរខុសរដូវកាលដូច្នេះ គឺក្នុងគោលបំណង បន្សាបប្រពៃណីអុំទូករបស់ខ្មែរឲ្យសាបបន្តិចម្ដងៗ និងទីបំផុត ប្រពៃណីនេះនឹងក្លាយទៅជារបស់វៀតណាម ឬ ក៏ត្រូវសាបសូន្យ ដោយខ្លួនឯង៖ «ពីព្រោះយើងនៅសល់ ៤ខែទៀត នៅសល់តែ៤ខែទៀត គឺបុណ្យប្រឡងបង្គ្រប់តែម្ដង អីចឹងគេធ្វើនេះ គឺដើម្បីរារាំងខ្មែរយើងឲ្យហើយ ។ ហើយគេផ្ដល់ទឹកប្រាក់ហ្នឹងហ្អា៎ អ្នកមានជ័យលាភីហ្នឹងគេផ្ដល់ទឹកប្រាក់ឲ្យថោកដើម្បីឲ្យខ្មែររបស់យើងហ្នឹងបាក់ទឹកចិត្ត គ្មានកម្លាំងចិត្តទៅប្រឡងនៅថ្ងៃអកអំបុកសំពះព្រះខែទៀត ហ្នឹងគេរារាំងក្បាលខ្មែរយើងឲ្យហើយ ហ្នឹងតាមតែខួរក្បាលខ្ញុំគិត ខ្ញុំមើលឃើញប៉ុណ្ណឹង»។
ប្រធានគណៈកម្មការទូកងវត្តព្រែកចេក ខេត្តឃ្លាំង លោក ត្រាំ ឌាង ប្រាប់ថា លោកមិនចង់ទៅចូលរួមប្រណាំងទូក ដែលរៀបចំខុសប្រពៃណីទំនៀមទម្លាប់ខ្មែរនេះទេ តែបើមិនទៅខ្លាចអាជ្ញាធរវៀតណាម ចោទថា ប្រឆាំងគេ៖ «ទោះបីយើងដឹងហើយ ថាបុណ្យអុំទូកនេះ ធ្វើឡើងវាខុសប្រពៃណី ខុសរដូវ តើឲ្យធ្វើយ៉ាងម៉េច រដ្ឋគេអញ្ជើញឲ្យទៅ តម្រូវឲ្យទៅ យើងត្រូវតែទៅ បើយើងអត់ទៅថ្ងៃណាមួយ គេដាក់ទោសយើង ចង់ធ្វើបាបយើង ដាក់ទោសយើងច្រើនបែប ច្រើនយ៉ាងណាស់ យើងមិនអាចប៉ាន់ស្មានទេណា ធ្វើទុក្ខបុកម្នេញ បើមិនអ៊ីចឹង វាអញ្ជើញចុះ អញ្ជើញយើង ខាតពេលវេលារបស់យើង»។
ព្រះចៅអធិការវត្តកាដួក ខេត្តក្រមួនស ព្រះនាម កៀង សម័យ ព្រះជន្ម៧៥ វស្សាមានថេរដីកាប្រាប់អាស៊ីសេរីថា កម្មវិធីប្រណាំងទូករបស់ខ្មែរក្រោមពេលនេះ ចង់អស់តម្លៃហើយ ព្រោះអាជ្ញាធរវៀតណាមតែងតែយកល្បែងទូកនេះទៅលេងជាល្បែងភ្នាល់ និងល្បែងកម្សាន្ត ក្នុងកម្មវិធីបុណ្យជាតិធំៗរបស់គេ។ ចំណែកទម្រង់សិល្បៈវប្បធម៌ខ្មែរក្រោម ដទៃទៀតវិញ ព្រះអង្គថា ក៏កំពុងត្រូវបានវៀតណាមយកទៅប្រែកាឡៃដែរ៖ «រាល់ថ្ងៃហ្នឹង អារបាំ អាចម្រៀងហ្នឹង បទភ្លេងអីហ្នឹង គេបំភ្លៃបណ្ដើរៗ ហើយហ្នឹងណា ឥឡូវហ្នឹងអារបាំគោះត្រឡោកហ្នឹង នៅតាមភូមិស្រុកយើងវាផ្សេង ប៉ុន្តែ អានៅទូរទស្សន៍ អាផ្សាយទៅអន្តរជាតិអីហ្នឹង វាទៅជារបាំគោះត្រឡោក របស់ជនជាតិខ្មែរមើល ៗ អារបាំគោះត្រឡោកហ្នឹងមិនមែនកូនខ្មែរទេ អ៊ីចឹងវាធ្វើខ្វាក់ខ្វើចៗ ហើយវាយកទៅផ្សាយនៅហ្នឹង យើងថារកខ្មែរហ្នឹងមានអ្នកណាមួយឈានមុខតវ៉ាអី ដើម្បីសុំបំបាត់ អាហ្នឹងចោលទៅ គ្មាន»។
ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅដែនដីកម្ពុជាក្រោម តែងតែប្រារព្ធធ្វើរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃ ១៤ កើតដល់ថ្ងៃ១រោចខែកត្តិកជារៀងរាល់ឆ្នាំ។
ឯកសារប្រជុំទំនៀមទម្លាប់ខ្មែរឱ្យដឹងថា កម្មវិធីនេះធ្វើឡើងដើម្បីរំលឹកទៅដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លារបស់កម្ពុជាក្រោម ដែលត្រូវបានបង្កើតឡើងដោយពញាតាតជាស្ដេចត្រាញ់នៅស្រុកបាសាក់កម្ពុជាក្រោម ក្នុងសម័យលង្វែក រាជព្រះបាទអង្គចន្ទទី១៕
ប្រភព ៖ RFA