មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ កំពុងត្រូវបានការិយាល័ួបុគ្គលិកនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបហៅមកសួរនាំនិងចាត់វិធានការច្បាប់ហើយ ក្រោយមន្ត្រីរូបនោះបានទាញកាំភ្លើងអាកា៤៧(AK47)បាញ់ឡើងទៅលើមេឃជាង២០គ្រាប់ ផ្អើលភ្ញៀវទេចរទាំងកណ្តាលក្រុងសៀមរាប ។
ប្រភពបន្តថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៨យប់ថ្ងៃទី០៨ សីហា ២០២០ នៅម្តុំព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនសង្ស័យបាញ់បោះសេរីក្បែរព្រះអង្គចេកព្រះអង្គចមនិងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនោះ ត្រូវបានគេអះអាងថាឈ្មោះ ស៊ុន ស៊ីណាត មានឋានន្តរស័ក្តិនាយចំណង់ ។
ប្រភពខ្លះថា មូលហេតុដែលមន្ត្រីPMខាងលើបាញ់បោះសេរីនោះ ទំនងជាខឹងមេកើយរបស់ខ្លួនមិនខ្វល់ខ្វាយយកចិត្តទុកដាក់ចំពោះខ្លួន ហើយពេលជនសង្ស័យឈឺគ្មាននរណាមកមើលជាដើម។ និងថាជនសង្ស័យត្រូវបានថ្នាក់លើបញ្ជូនមកពីអគ្គទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេនៅព្រឹកថ្ងៃទី១០ សីហានេះ ៕