ទីបំផុតទៅគណៈកម្មការសហភាពអឺរ៉ុប បានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ឋអនុគ្រោះពន្ឋ EBA ពីកម្ពុជាជាផ្លូវការហើយ ។
នេះ បើយោងតាមសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលចេញផ្សាយនៅរសៀលថ្ងៃទី១២ សីហា ២០២០នេះ ។
ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជានេះ នឹងធ្វើឱ្យទំនិញ ៤០មុខរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ១ពាន់លានអឺរ៉ូ ត្រូវបង់ពន្ធប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីនាំចូលទៅកាន់ទីផ្សាអឺរ៉ុប។
យ៉ាងណាក៍ដោយ ប៉ុន្មានម៉ោងមុនសហភាពអឺរ៉ុបចេញសេចក្តីសម្រេចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងកាលពីព្រឹកមិញថា «យើង មិនអាចលុតជង្គត់ ដើម្បីសុំទានគេ ក្នុងការធ្វើឲ្យយើង បោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពទេ ព្រោះអធិបតេយ្យភាពនិងនិងរាជ្យភាព យើងខំប្រឹងយូរណាស់ ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបានរហូតមកដល់ពេលនេះ ដូច្នេះ ជំហរ [របស់រដ្ឋាភិបាល គឺនៅ] ដដែល…»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលទៀតថា«សូមជម្រាបជូនភ្នាក់ងារបរទេស ដែលជាសញ្ជាតិខ្មែរហ្នឹង សូមមេត្តាយល់ឲ្យច្បាស់ថា កម្ពុជា ឈរលើផលប្រយោជន៍របស់ខ្មែរ»។
កាលពីពេលកន្លងទៅ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាជាដើម ធ្លាប់ផ្ញើលិខិតរួមគ្នា ទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដង ដើម្បីសុំឲ្យពន្យារពេលមួយឆ្នាំទៀត គឺសុំឲ្យចាំដល់ខែកុម្ភៈ ឆ្នាំ២០២១ ចាំផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។ វិស័យឯកជនទាំងនោះ បង្ហាញក្តីបារម្ភខ្លាំងពីការប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយសារផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។ តែសំណើរបស់វិស័យឯកជនទាំងនោះ មិនទទួលបាលទ្ធផលឡើយ។
គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់ខ្លាំង ទៅលើការនាំចេញផលិតផលមួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំងផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូប ជាដើម ព្រមទាំងស្ករសផងដែរ។
យ៉ាងណាក៍ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាច្រើនដងថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងការអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនោះទេ ព្រោះយូរ និងឆាប់ EBA វាគង់តែនឹងបាត់ ហើយថា កម្ពុជាត្រូវរៀនរស់ដោយខ្លួនឯង ។
ពាក់ព័ន្ឋនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកមាស សុខសេនសាន បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃម្សិលមិញដោយបញ្ជាក់យ៉ាងដូច្នេះ«ពាក់ព័ន្ធនឹង EBA នេះ ក្រសួងសេដ្ឋកិច្ច បានត្រៀមថវិកាតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ មុនពេលមានកូវីដ១៩ទៅទៀត យុទ្ធសាស្ត្រទាំងអស់ដែលបានរៀបចំមុនពេលកូវីដយើងនៅប្រើ ហើយបូកថែមនឹងកូវីដ១៩ទៀត […] សំខាន់បំផុតក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺយើងត្រៀមថវិការាប់លាន ដើម្បីទប់ទល់នឹង EBA ប៉ុន្តែបើសិនយើងគិតទាំង EBA និងកូវីដ១៩ មានថវិកា១,១៦៤លានដុល្លារ»។
ការសម្រេចកាត់ EBA គឺសហភាពអឺរ៉ុប ដោយសារ EU យល់ថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យប្រសើរឡើងវិញនូវបញ្ហាគោរពសិទ្ឋិមនុស្ស ដោះលែងអ្នកទោសនយោបាយ ពិសេសដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតឡើងវិញ ៕