នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវសួនទឹកឯកជនរបស់លោកឧកញ៉ា លី យ៉ុងផាត់ កាលពីព្រឹកម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានដីជាង ២០០០ហិកតា ដែលបានពីការដោះដូរជាមួយវៀតណាម ។
បើតាមលោក ហ៊ុន សែន ដីជាង២០០០ហិកតានេះ នឹងទុកប្រគល់ជូនកងទ័ពការពារព្រំដែន និងនគរបាលតាមព្រំដែន ក៏ដូចជាអតីតយុទ្ធជន ដែលគ្មានដីនៅ។
លោកប្រមុខរាជរដ្ឋាភិបាលក៍បានបញ្ជាក់ទៀតថា ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។ សម្តេចតេជោ បានថ្លែងថា ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ។
កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។
ប្រទេសទាំងពីរក៏បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេសទាំងពីរកាលពី១៩៨៥ និងបានធ្វើសន្ធិសញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បីឈានទៅការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរួមគ្នា។
ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្ន ការបោះបង្គោលព្រំដែននេះសម្រេចបានប្រមាណ៨៤% ។
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ជារឿងដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសទាំងពីរ ដោយសារតែសំណល់នៃវិបត្តិប្រវត្តិសាស្ត្រ។
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែចងចាំ ឈឺចាប់ និងចោទប្រកាន់វៀតណាមលួចយកទឹកដីរបស់ខ្លួនបង្កើតទៅជាវិវាទកម្មផ្លូវចិត្តរវាងប្រជាជាតិទាំងពីរ។ ក្នុងនោះអ្នកនយោបាយនៅកម្ពុជា ក៏តែងតែយកបញ្ហានេះធ្វើជាឈ្នាន់ដើម្បីស្វែងរកប្រជាប្រិយភាពនយោបាយរបស់ពួកគេរៀងៗខ្លួនផងដែរ៕