លោក ហ៊ុន សែន ថាផែនទីបារាំងគូ ធ្វើឲ្យភូមិលោក ហេង សំរិន នៅក្នុងដីវៀតណាម

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សួន​ទឹក​ឯកជន​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ នៅ​ឯ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ កាល​ព្រឹក​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា ផែនទី​ដែល​សម្តេចព្រះ​សីហ​នុ យក​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​កន្លង​មក និង​ជា​ផែនទី​របស់​បារាំង​គូ​នោះ បែរជា​ដាក់​ភូមិកំណើត​របស់​ប្រធានរដ្ឋសភា​លោក ហេង សំ​រិ​ន នៅ​ក្នុង​ទឹកដី​វៀតណាម​ទៅ​វិញ​។​

​លោក​ថា នៅ​ពេល​នេះ លោក​កំពុង​ពិចារណា​ជម្រើស​ចំនួន​៣​ក្នុង​ការ​ដោះស្រាយ​ដី​ភូមិកំណើត​របស់​លោក ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ពី​មុន​ខេត្តកំពង់ចាម​) ដែល​ផែនទី​បង្ហាញ​ថា ទីតាំង​ដី​ភូមិ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ។​

​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ពិចារណា​លើ​ជម្រើស​ចំនួន​៣ រួម​មាន​ទាំង​ការ​ដូរ​ភូមិ និង ដូរ​ដី​ជាមួយ​វៀតណាម​។​

​លោក​ថ្លែង​បញ្ជាក់​បែប​នេះ «​ជម្រើស​ទី​១ កាត់​ភូមិ​បង ហេង សំ​រិ​ន ឲ្យ​វៀតណាម​គ្រប់គ្រង ដោយ​រក្សា​បន្ទាប់​ព្រំដែន​ចាស់​ដដែល ទី​២​រក្សា​ខ្សែ​ព្រំដែន​ដដែល ប៉ុន្តែ​រើ​ភូមិ​បង ហេង សំ​រិ​ន ចេញ​រក​ដី​ឲ្យ​គាត់ ធ្វើ​ភូមិ​ថ្មី នៅ​ក្នុង​ដី​ខ្មែរ​។ រីឯ​ជម្រើស​ទី​៣ ដោះ​ដូរ​ដី​គ្នា​[​រវាង​ភាគី​កម្ពុជា និង​វៀតណាម​] ដោយ​រៀបចំ​ខ្សែ​ព្រំដែន​ជា​ថ្មី គូស​ភូមិ​បង​ហេង សំ​រិ​ន កន្លែង​ហ្នឹង​ត្រូវ​ដូរ​ខ្សែ​ព្រំដែន ដោយ​គូស​ខ្សែ​ព្រំដែន​ថ្មី​យក​ភូមិ​ហេង សំ​រិ​ន ឲ្យ​មក​នៅ​ក្នុង​ដី​ខ្មែរ ថា​កន្លែង​ហ្នឹង ៥០០​ហិ​កតា ត្រូវ​យក​កន្លែង​ផ្សេង​សង​ទៅ​វៀតណាម​៥០០​ហិ​កតា​»​។

​យ៉ាងណា​ថ្លែង​នៅ​ក្នុង​ពិធី​ខាងលើ លោក​ប្រមុខ​រាជរដ្ឋាភិបាល មិន​ទាន់​កំណត់​ជាក់លាក់​ថា នឹង​ត្រូវ​ជ្រើសរើស​យក​ជម្រើស​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​ពាក់​ព័​ន្ឋ​នឹង​ដី​ភូមិកំណើត​លោក ហេង សំ​រិ​ន នេះ​ដែរ កាលពី​ពេល​កន្លង​ទៅ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានអោយ​ដឹង​ដែរ​ថា បើ​តាម​ផែនទី ភូមិកំណើត​របស់​លោក ហេង សំ​រិ​ន មិនមែន​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ទេ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​វៀតណាម​។​

​បើ​តាម​លោក សុខ ទូច ការ​គិត​ថា​ភូមិកំណើត​សម្តេច ហេង សំ​រិ​ន ស្ថិត​ក្នុង​ដី​កម្ពុជា​នោះ គឺ​យល់​ខុស​ដោយសារ​តែ​ជំនាន់​មុន​ប្រជាពលរដ្ឋ​កម្ពុជា​-​វៀតណាម នៅ​តាម​បណ្តោយ​ព្រំដែន​រស់នៅ​ក្នុងភូមិ​នោះ​ជា​យូរ​មក​ហើយ​នៅ​តំបន់​នោះ តែ​ដល់​ពេល​យក​ផែនទី​មក​មើល ទើប​ដឹង​ថា​វា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​។​

​លោក​បណ្ឌិត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​និយាយ​ហ្នឹង​ខុស​ហើយ សម្ដេច ហេង សំ​រិ​ន ទេ ដែល​ជា​អ្នក​យក​ដី​វៀតណាម​នៅ​នោះ​…​ពីព្រោះ ទម្លាក់​ផែនទី​ទៅ ដី​របស់​សម្ដេច ហេង សំ​រិ​ន បាន​ទៅ​លើ​វៀតណាម ប៉ុន្ដែ​គាត់​នៅ​យូរហើយ​»​។​

​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​លើ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​បោះ​បាន​៨៤​ភាគរយ ក្រោម​សំឡេង​គាំទ្រ​១១០ លើ​១១០ នៃ​សមាជិក​សភា​របស់​គណបក្សកាន់អំណាច​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​។​

​សភា​អះអាង​ថា ការ​អនុម័ត​យល់ព្រម​នេះ យោង​ទៅ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម  ​និង​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់​។​

​កម្ពុជា​-​វៀតណាម មាន​ព្រំប្រទល់​ដី​គោល​ជាប់​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ហើយ​មក​ដល់​ពេល​នេះ នៅ​សល់​១៦​ភាគរយ​ទៀត ដែល​កម្ពុជា​មិន​ទាន់​ឯកភាព​ជាមួយ​វៀតណាម​ឲ្យ​បោះ​បញ្ចប់ ដោយ​រង់ចាំ​ភាគី​បារាំង​គូស​ចម្លង​ផែន​មាត្រដ្ឋាន​ផែនទី​ពី​ខ្នាត​១ លើ​១០០​ពាន់ ទៅ​ជា​ខ្នាត​១ លើ​៥០​ពាន់​វិញ​៕