ស្ត្រីវ័យ៥១ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរវៀតណាមប្រកាសថាបានស្លាប់នៅព្រឹកថ្ងៃអង្គារនេះ ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងដាណាង បន្ទាប់ពីស្ត្រីនោះផ្ទុកមេរោគកូវីដ១៩ និង គួបផ្សំនឹងមានជំងឺមហារីកផងនោះ ។
គិតត្រឹមម៉ោហ១១និង២៥នាទីព្រឹកថ្ងៃទី១៨ សីហាដដែលនេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩នៅក្នុងប្រទេសកុម្មុយនីស្តក្បែរខាងកម្ពុជាមួយនេះ បានកើនដល់២៥នាក់ហើយ ខណៈអ្នកឆ្លងសរុប ៩៨៣នាក់ ក្នុងនោះជាសះស្បើយ ៤៦៧នាក់ ។
ដោយឡែកពាក់ព័ន្ឋនឹងមេរោគកូវីដ១៩នេះដែរ ពីប្រទេសម៉ាឡេស៊ីនោះវិញ មានសេចក្តីរាយការណ៍មកថាក្រុមជំនាញវេជ្ជសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្ររបស់ម៉ាឡេស៊ី បានរកឃើញពីការវិវត្តថ្មីរបស់មេរោគកូវីដ១៩ ដែលការបម្លែងខ្លួនថ្មីនៃមេរោគដ៍កាចសាហាវនេះ វាអាចឆ្លងរាលដាលលឿនរហ័សជាង១០ដង នៃវីរុសដែលបានរកឃើញដំបូងនៅទីក្រុងវូហានទៅទៀត។
បើតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ទម្រង់បម្លែងថ្មីនៃជំងឺ COVID-19 ដែលអាចឆ្លងរាលដាលលឿននេះមានឈ្មោះបច្ចេកទេសថា D614G ហើយវាបម្លែងខ្លួនវាចេញពីវីរុស Sars-CoV-2 ។
ការរកឃើញពីការវិវត្តថ្មីនៃមេរោគកូវីដ១៩នេះ គឺបានមកពីការវិភាគពិនិត្យលើសំណាកអ្នកជំងឺ ៣នាក់ដែលមានប្រភពចម្លងចេញពីសង្កាត់ Sivagangga នៃប្រទេសឥណ្ឌា និងម្នាក់ទៀតចេញពីទីក្រុង Ulu Tiram រដ្ឋ Johor នៃប្រទេសម៉ាឡេសុីផ្ទាល់តែម្តង ៕