ពលរដ្ឋខ្មែររាប់រយនាក់ ចូលលេងល្បែងនៅកាស៊ីណូ« សុខ គីមម៉េង»

ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​មួយ​យីហោ «​សុខ គី​ម​ម៉េ​ង​» ដែល​មា​នទី​តាំងនៅ​តំបន់​តន់​ហន់ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​ ដោយសេរី និងមិនមានការហាមឃាត់ណាបន្តិចពីសមត្ថកិច្ច សង្ស័យថៅកែទិញទឹកចិត្តអ្នកមាន​ភារកិច្ចហាមឃាត់ទេដឹង..!

បើតាមសេចក្តីរាយការណ៍មួយបានបង្ហើបថា៖  កាស៊ីណូ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៩ មាន​ជនជាតិ​វៀតណាម​មក​លេង​ខ្លះ​ៗ និង​ប្រជាពលរដ្ឋ​ខ្មែរ តែ​បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺឆ្លង​កូ​វី​ដ​-១៩នោះ​មក ស្ថានភាព​នៅ​តាម​ព្រំដែន អាជ្ញាធរ​វៀតណាម​បាន​បិទមិន​អោយ​ពលរដ្ឋ​របស់​ខ្លួនឆ្លងកាត់​មក​លេងល្បែង​នោះ​ទេ​។  ទើបបើកទូលាយឱ្យពលរដ្ឋខ្មែរ​ចូលលេងទាំងបំពានច្បាប់ និងអាជ្ញាបណ្ណរបស់ខ្លួន ។

ប្រភពខ្លះបានលើកឡើងថា៖ ​កាស៊ីណូ​​យីហោ «​សុខ គី​ម​ម៉េ​ង​» នៅ​តន់​ហន់​មួយ​នេះ យក​ខ្នង​អ្នកមាន​អំណាច​មក​អួតអាង ហើយ​បើក​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង​ដាក់​តម្រៀប​នៅ​កន្លែង​ផ្ញើ និង​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​យ៉ាង​ថា​ន់​តែ​ម្តង​។ ក្រៅពីនោះក៏មានការទទួលបញ្ចាំ ផ្តល់ភាពងាយស្រួលដល់អ្នកលេង ងាយបាត់បង់ទ្រព្យសម្បត្តិ ខណៈញៀន​ងប់ងល់នឹងល្បែងនោះ ។

​លោក​សេក ឈឹ​ន មេឃុំ​ព្រែក​ក្រឹស និង​ជា​អ្នក​ចាស់ទុំ​នៅ​តន់​ហន់ ក៏​បាន​ថ្លែងប្រាប់​សារព័ត៌មាន ក្នុងស្រុក​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា នេះ​ថា ៖ លោក​មិន​សប្បាយ​ចិត្តនឹង​ការ​បើក​ល្បែងស៊ីសង​នេះ​ទេ​។ លោក​សេក ឈឹ​ន បាន​ថ្លែងប្រាប់​បន្ត​ថា បិទ​សាលារៀន​មិន​ឱ្យ​ក្មេង​រៀន តែ​បើក​ល្បែងស៊ីសង​មាន​បញ្ជល់មាន់ អាប៉ោង និង​ខ្លា​ឃ្លោក​-​យូគី​បៀរ នាំ​គ្នា​ហូរ​ក​ញ្ចៀ​វ​យ៉ាង​ត្រហឹ​ង​អឹងកង​តែ​ម្តង​។

លោក សេក ឈឹ​ន លើកឡើងថា ៖ អាជ្ញាធរ​វៀតណាម គេ​មានច្បាប់​តឹងតែង​ណាស់ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​-១៩មក ប្រជាជន​គេ គឺ​គេ​មិន​ឱ្យ​ឆ្លងកាត់​មក​លេង​ទេ សូ​ម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ រាប់រយ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ចូល​មក​លេង​ក្នុង​កាស៊ីណូ​មិន​មាន​អ្នក​ហាមឃាត់​សោះ​។ ហើយ​ម្នាក់​ៗ​ឮ​សូរ​តែ​ចាញ់​ជម្លោះ​ក្នុង​គ្រួសារ​ឥត​ឈប់​។ លោក​សេក ឈឹ​ន ក៏​បានឃើញ​ជាក់ស្ដែង​ម៉ូតូ និង​រថយន្ត​ច្រើន​ណាស់​។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានរិះគន់ថា៖ កាសុីណូ ​យីហោ «​សុខ គី​ម​ម៉េ​ង​» បើគ្មានភ្លើងខៀវពីអស់​លោកមាន​អំណាចខ្លះ ជឿថា ពួកគេមិនថ្លើមធំដល់ម្លឹងទេ ។ ប៉ុន្តែអ្វីដែលរងគ្រោះ ជួបរឿងអស់ទ្រព្យសម្បត្តិ ឈ្លោះក្រុម​គ្រួសារ​គឺពលរដ្ឋខ្មែរ។ ចំណែកអ្នករកសុី ហ៊ានបំពានច្បាប់ ច្របាច់ក ពលរដ្ឋខ្មែរកៀបយកលុយនឹង​ល្បែងនេះ​ពេញទីទៅហើយ។

ពាក់ព័ន្ធករណីដែលកាសុីណូយីហោ «​សុខ គី​ម​ម៉េ​ង​» នៅច្រកតន់ហន់ អនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យអង្គ​ភាព«នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទថា៖ ចំពោះកាសុីណូមួយនេះ ខ្ញុំបានឱ្យស្នងការចុះពិនិត្យម្តងរួចមកហើយ ក្រោយទទួលព័ត៌មានដូចបញ្ជាក់ខាងលើនេះ។ ជាលទ្ធផលលោកស្នងការរាយការណ៍មកថា  គេមានច្បាប់ និងមិនមានពលរដ្ឋខ្មែរចូលលេងទេ។ លោកអភិបាលខេត្តបន្តថា៖ ក្រោមមកអាជ្ញាធរខេត្ត និងក្រសួង​សុខាភិបាល បានចុះពិនិត្យដើម្បីអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដើម្បីការពារ ការរាតត្បាត​ជំងឺវីរុសកូវីដ-១៩ ក្នុងនោះខ្ញុំបានប្រគល់ភារកិច្ចទៅអភិបាលរងខេត្តម្នាក់ធ្វើកិច្ចការនេះជាមួយខាងក្រសួង។

សម្រាប់ព័ត៌មានដែលថា មានពលរដ្ឋខ្មែរចូលលេងក្នុងកាសុីណូ លោកអភិបាលខេត្តថ្លែងថា៖ នេះជាអំពើល្មើស​ច្បាប់ ខណៈច្បាប់កាសុីណូ មិនត្រូវបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងឡើយ។ លោកអភិបាលខេត្ត​បានប្រកាសថា៖ ខ្ញុំនឹងឱ្យលោកស្នងការខេត្តចុះទៅពិនិត្យមើលម្តងទៀត បើមានមែន ខ្ញុំត្រូវចុះបិទអាជីវកម្ម​ដំណើរ​ការកាសុីណូនេះតែម្តង៕

ប្រភព ៖ Nokorwat