លោកប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ត្រូវបានទទួលការកោតសរសើរពីមជ្ឈដ្ឋាននានាទាំងក្នុងនិងក្រៅស្រុកមួយចំនួន បន្ទាប់ពីមេដឹកនាំដែលមានពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេលើលោករូបនេះ បានផ្តល់មេដាយថ្នាក់ជាតិលំដាប់ទីពីរ ជូនទៅអតីតសមាជិកសភានិងជាអ្នកនយោបាយដែលធ្លាប់ប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលចំនួនពីររូប និងចាត់ទុកអ្នកប្រឆាំងលោកទាំងពីរជាមិត្តនោះថែមទៀត។
បើតាមសារព័ត៌មាន Jakarta Globe អ្នកនយោបាយប្រឆាំងដែលទទួលបានមេដាយថ្នាក់ជតិពីលោក ចូ កូ វីដូដូនោះគឺលោក Fadli Zon អតីតអនុប្រធានសភាឥណ្ឌូនេស៊ី ដែលតែងតែរិះគន់ និងវាយប្រហារគោលនយោបាយលោកប្រធានាធិបតី Joko Widodo មិនលុះថ្ងៃ និងលោក Fahri Hamzah អតីតបេក្ខភាពប្រជែងតំណែងប្រធានាធិបតី ។
សារព័ត៌មានដដែលបានស្រង់ប្រសាសន៍លោកប្រធានាធិបតីឥណ្ឌូនេស៊ីដោយបញ្ជាក់ថា ការប្រកាន់គោលជំហរនយោបាយផ្ទុយគ្នា មិនមែនជាឧបសគ្គរារាំងអ្នកនយោបាយដើម្បីទទួលបានឥស្សរយយសនោះទេ។
នៅក្នុងពិធីបំពាក់មេដាយ តារារបស់ជាតិ ដែលជាគ្រឿងឥស្សរយយសលំដាប់ទីពីររបស់មន្ត្រីរដ្ឋការនោះ លោក Joko Widodo បានថ្លែងថា សាធារណជនទំនងជាមានចម្ងល់ច្រើនពាក់ព័ន្ធនឹងការផ្តល់មេដាយ ដល់អ្នកប្រឆាំងគោលនយោបាយលោកមិនលុះថ្ងៃទាំងពីរនេះ។ លោក សង្កត់ធ្ងន់ថា អ្នកនយោបាយប្រឆាំង ឬមាននិន្នាការផ្ទុយគ្នា មិនមែនមានន័យថា ត្រូវក្លាយជាសត្រូវនឹងគ្នានោះទេ។ លោក អះអាងថា នេះ គឺជាគុណតម្លៃរបស់ប្រជាធិបតេយ្យឥណ្ឌូណេស៊ី។
នៅក្នុងពិធីនោះដែរអ្នកនយោបាយប្រឆាំងទាំងពីរ បានអរគុណលោកប្រធានាធិបតី ចូកូ វីដូដូ ហើយថាដោយសារតែការរិះគន់របស់ពួកគេនេះហើយ ធ្វើឲ្យឥណ្ឌូណេស៊ីបន្តដំណើរបានមួយជំហានទៅមុខទៀតកាន់តែរឹងមាំតាមបែបប្រជាធិបតេយ្យពិតប្រាកដ ។
យ៉ាងណាក៏ដោយ ទាំងលោក Fadli Zon និងលោក Fahri Hamzah ក៍បានថ្លែងបញ្ជាក់ដែររថា មេដាយជាតិនេះ នឹងមិនអាចបញ្ឈប់ពួកគេក្នុងការរិះគន់រដ្ឋាភិបាលបានឡើយ ពោលគឺ ពួកគេ នឹងបន្តការរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី ចូ កូ វីដូដូ ប្រសិនបើលោក ចូ កូ វីដូដូ អនុវត្តគោលនយោបាយណាមួយមិនស្រមស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនោះ៕