រកឃើញស្រ្តីជនជាតិវៀតណាមនិងកូន ដែលរត់ចេញពីបន្ទប់ធ្វើចត្តាឡីស័ក

ទីបំផុត​ទៅ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​កូនប្រុស​អាយុ​១៣ ឆ្នាំ ដែល​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ សីហា​កន្លង​មកនេះ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ហើយ​និង​កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌី​ន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះ ជា​អ្នក​រស់នៅ​នៅ​ភូមិ​ប្រាសាទ​(​ភូមិ​ថ្មី​) ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ចាក​ចេញពី​កម្ពុជា​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ ទៅ​រស់នៅ​ទល់ដែន​កម្ពុជា​-​វៀតណាម ឌិ​ញ​បា (​តាម​គាត់​ប្រាប់​) ហើយដោយ​សារ មិន​អាច​រកស៊ី​បាន​នៅ​ទីនោះ គាត់​ក៏​បាន​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០​។ នៅ​វេលា​ម៉ោង​ប្រហែល ជា​០៥​ព្រឹក ពេល​ចូល​ដល់​កម្ពុជា គាត់​និង​កូន​គាត់ ត្រូវ​បាន​ក្រុមការងារ​នៅ​មាត់ច្រក​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ធ្វើការ​ត្រួតពិនិត្យ​សុខភាព ដែល​មិន​មាន​រោគ​សញ្ញា ឬ​បញ្ហា​សុខភាព​ណាមួយ ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ។​

​លោកស្រី​បាន​បន្ត​ថា ដោយ​អនុវត្ត​វិធានការ​សុខាភិបាល ក្រុម​គ្រូពេទ្យ​បាន​ដឹក​ស្ត្រី និង​កូន​នេះ តាម​រថយន្ត​ពេទ្យ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច​នៃ​ខេត្តព្រៃវែង​។ នៅ​ម៉ោង​ប្រហែលជា​០០:៣០​នាទី ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ ក្រុម​គ្រូពេទ្យ​បាន​ទៅ​ពិនិត្យ​មើល​ស្ថានភាព​របស់​គាត់ ឃើញ​មាន​សភាព​ធម្មតា ហើយ​នៅ​ម៉ោង​០៥:៣០​នាទី​ព្រឹក ក្រុម​គ្រូពេទ្យ​បាន​ទៅ​ពិនិត្យ​ម្តងទៀត តែ​មិនឃើញ​ស្ត្រី​រូប​នេះ និង​កូន​គាត់​នៅ​ក្នុង​បន្ទប់​ឡើយ​។ ដូច្នេះ​ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះ បាន​សម្រេចចិត្ត​នាំ​កូន​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ តាំងពី​មុន​ម៉ោង ០៥:៣០​ព្រឹក​នៃ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ ដោយ​មិន​ប្រាប់​ក្រុម​គ្រូពេទ្យ​យាម​ប្រចាំការ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ​។​

​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​ទទួល​បាន​នៅ​វេលា​ម៉ោង​១៨៖០០​នាទី​នៃ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បង្ហាញ​ថា ស្ត្រី និង​កូនប្រុស​ខាងលើ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ព្រះស្តេច​នៃ​ខេត្តព្រៃវែង នៅ​វេលា​ម៉ោង​ប្រហែលជា​ជិត ០៥​ព្រឹក​នៃ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ រួច​បាន​ឡើង​ឡានក្រុង មក​រាជធានី​ភ្នំពេញ និង​ប្រហែលជា​ម៉ោងជាង​០៨​ព្រឹក បាន​បន្តដំណើរ​ដោយ​រថយន្តឈ្នួល មក​ខេត្តកំពង់ឆ្នាំង មក​ដល់​ក្បាលថ្នល់​សែ​ប​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​នៃ​ថ្ងៃ​ដដែល និង​បាន​បន្ត​ទៅ​ភូមិ​ប្រាសាទ ដែល​ជាទី​កន្លែង​ដែល​គាត់​រស់នៅ​ដោយ​ម៉ូតូឌុប​។​

​លោកស្រី ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​រូប​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា នៅផ្ទះ​របស់​គាត់ គឺ​គាត់​មិន​បាន​ជួប​ជាមួយ​បងប្អូន​គាត់​ទេ ដោយ​រូប​គាត់ និង​កូនប្រុស ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹក​មក​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​សាលា​គំរូ​ក្រុង ប្រហែល​ម៉ោង ១៧:៣០​នាទី នៃ​ថ្ងៃ​ដដែល​។ ក្រុមការងារ​បាន​ពិនិត្យ​កំ​ដៅ​គាត់ និង​កូន​គាត់ ឃើញ​ធម្មតា គ្មាន​សញ្ញា​ក្អក ឈឺ​ក ឬ ហត់ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ឡើយ​។ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ក៏​បាន​អប់រំ និង​ណែនាំ​ពន្យល់​ស្ត្រី​រូប​នេះ ក្នុង​ការ​អនុវត្ត​ធ្វើ​ច​ត្តា​ឡិ​ស័ក​ឲ្យ​គ្រប់​ចំនួន​១៤​ថ្ងៃ ដោយ​រាប់សារ​ឡើង​វិញ និង​ដោយ​មានការ​សន្យា​ថា​មិន​រត់​ទៀត​ទេ​។​

​លោកស្រី ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុមការងារ និង​បន្ត​ការ​អនុវត្ត​ច្បាប់ ដែល​មាន​ជា​ធរមាន ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ​។ សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា លទ្ធផល​តេស្ត​លើក​ទី​១ របស់​គាត់ និង​កូន​គាត់ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំង​ពីរ​នាក់ តែ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បន្ត​តាមដាន​សុខភាព​គាត់ និង​កូន​គាត់​ដោយ​យកចិត្តទុកដាក់​បំផុត​៕