គណនីហ្វេសប៊ុកមួយឈ្មោះ« ប៉ាង សុខឿន-Khmer Sovannaphumi» បានបង្ហោះនៅលើបណ្តាញសង្គមនៅប៉ុន្មាននាទីមុននេះ ដោយបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងកម្មវិធីទូរទស្សន៍ប្រទេសស៑ុយអែត ដើម្បីជជែកដេញដោលលើវិបត្តិ EBA និងបញ្ហាព្រំដែនខ្មែរ-វៀតណាម។
មកទល់នឹងម៉ោង១១និង៣៨នាទីថ្ងៃត្រង់ ថ្ងៃទី១៩ សីហា ២០២០ មិនទាន់ឃើញមានប្រតិកម្មតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅឡើយទេ ។
ចំណែក«អង្រុត» ក៍មិនអាចរកការសុំអត្ថាធិប្បាយបានដែរ ពីអ្នកនាំពាក្យ ក៍ដូចជាមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
បើតាមគណនីដែលគេស្គាល់ថា ជារបស់លោក ប៉ាង សុខឿន សកម្មជនគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសស៊ុយអែត បានសរសេរដា «នៅប្រទេសស៑ុយអែត”វេទិការអ្នកនយោបាយ” គេធ្វើរាល់សប្តាហ៍ដោយមានអ្នកនយោបាយគ្រប់បក្សមកអង្គុយជជែកដេញដោលគ្នាយ៉ាងសប្បាយ និងបើកចំហរអោយពលរដ្ឋដឹងពីគំនិតរបស់ពួកគេក្នុងការដឹកនាំ និងទទួលខុសត្រូវប្រទេស។ ជាពិសេសនាយករដ្ឋមន្ត្រីតែងមានមុខជាងគេជួបគ្រប់ភាគីនៃបក្សផ្សេងៗ។» ។
នេះមិនមែនជាលើកទី១ទេ ដែលលោក ប៉ាង សុខខឿន ប្រកាសតាមហ្វេសប៊ុកបបួលលោក ហ៊ុន សែន ជជែកពីបញ្ហា EBA និង ព្រំដែន នៅលើទូរទស្សន៍របស់ប្រទេសស៊ុយអែត កាលពីឆ្នាំ២០១៧ សកម្មជនបក្សប្រឆាំងនៅក្រៅស្រុករូបនេះ ក៍ធ្លាប់បបួលកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រកួតគ្នាលើបញ្ហាចំណេះដឹងផងដែរ ៕