លោក ស ខេង ៖ រដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា «​រាជរដ្ឋាភិបាល​មួយ​ខ្លាំង​បាន រដ្ឋាភិបាល​នោះ អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​គាំទ្រ បើ​រដ្ឋាភិបាល​គ្មាន​ប្រជាពលរដ្ឋ​គាំទ្រ រដ្ឋាភិបាល​នោះ មិន​ខ្លាំង​ទេ​។​»​។​

 

​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្ពានដែក​បេ​ឡេ ចំនួន​០១​ខ្សែ ប្រវែង​១២៦​ម៉ែត្រ និង​អគារសិក្សា​ចំនួន ២​ខ្នង នៅ​ក្នុង​សាលា​បឋម​សិក្សា​ស្វាយព្រៃ និង​អនុ​វិទ្យាល័យ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ លោក ស ខេ​ង ក៍បាន​លើក​ឡើង​ដែរ​ប្រទេស​មាន​សង្គ្រាម​គ្រោះថ្នាក់​មុនគេ​គឺ​ប្រជាពលរដ្ឋ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ការពារ​សន្ដិភាព ។​

 

​បើ​តាម​លោក ស ខេ​ង កាលណា​ប្រទេស​មាន​សង្គ្រាម​ហើយ អ្នក​ដែល​គ្រោះថ្នាក់​មុនគេ​គឺ​ប្រជាពលរដ្ឋ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ការពារ​សន្ដិភាព​ឲ្យ​បាន ព្រោះ​សន្ដិភាព មាន​តម្លៃ​ណាស់​។​

​លោក​ប្រមុខ​មហាផ្ទៃ​ក៍បាន​បន្ថែម​ទៀត​ថា «​កាលណា​មាន​សង្គ្រាម អ្នក​ដែល​មាន​គ្រោះថ្នាក់​ជាងគេ គឺ​ប្រជាពលរដ្ឋ ប្រទេស​ណា​ក៏​ដោយ ស្រុក​ណា​ក៏​ដោយ អ្នក​ដែល​គ្រោះថ្នាក់​បាត់បង់​ជីវិត​រង​គ្រោះ​មុនគេ គឺ​ប្រជាពលរដ្ឋ ទោះបី​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ក៏​ដោយ នៅ​ពេល​សង្គ្រាម​កើតឡើង គឺ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​យកឈ្នះ​សង្គ្រាម​។ ដូច្នេះ​មិន​គិត​ថា រំលោភសិទ្ធិ​មនុស្ស ឬ​មិន​រំលោភ​ទេ ? បាញ់​គឺ​បាញ់​ហើយ​»​។

​លោក ស ខេ​ង បញ្ជាក់​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា ទោះបី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​ត្រូវ​រក្សា​សន្ដិភាព​ឲ្យ​បាន ចង់​និយាយ​បាន​ថា «​ដើម្បី​សន្ដិភាព យើង​ហ៊ាន​ចំណាយ ហ៊ាន​លះបង់ ដើម្បី​រក្សា​សន្ដិភាព​»៕