អ្នកចម្រៀងល្បីឈ្មោះមួយរូបប្រចាំនៅផលិតកម្មថោន គឺលោក ប៉ុន សុណារិន ហៅ ខេម បានឲ្យដឹងថា ម្ចាស់ផលិតកម្មថោន ជាប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញវត្តុរាជធានីភ្នំពេញមានលុយរាប់សិបលានដុល្លារហៀរចាយមិនអស់ ។
ការចោទប្រកាន់របស់អ្នកចម្រៀងខេម បានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយផលិតកម្មទីក្រុងភាពយន្ត «ថោន» កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យលោក ខេម ចូលខ្លួនទៅដោះស្រាយនិងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្មថោន នៅម៉ោង៣រសៀលថ្ងៃទី២៥ សីហានេះជាកំហិត ។
បើតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មថោន បានចោទលោកខេម ថាចេញទៅច្រៀងនៅផលិតកម្មផ្សេង ខណៈកិច្ចសន្យាមិនទាន់ផុតកំណត់(កិច្ចសន្យានឹងបញ្ចប់នៅចុងឆ្នាំ២០២០) ។
យ៉ាងណាក៍ដោយ លោកខេម បានបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោកដោយអះអាងថា កិច្ចសន្យារវាងលោកនិងផលិតកម្មថោនបានផុតកំណត់ហើយ ហើយលោកក៍បានដាក់លិខិតលាឈប់ត្រឹមត្រូវ(បញ្ចប់កិច្ចសន្យា) និងសុំមើលកិច្ចសន្យាជាច្រើនដងហើយ តែម្ចាស់ផលិតកម្មរុញចុះរុញឡើង ។
នៅក្នុងសំណេរដែលរៀបរាប់ពីជីវិតកម្សត់និងអនុស្សាវរីយ៍ចាប់តាំងពីចូលផលិតកម្មថោន លោក ខេម ក៍បានរិះគន់ម្ចាស់ផលិតកម្មថោនថាបានប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមនៅក្នុងក្រុមហ៊ុននោះផងដែរ ។
មកទល់នឹងម៉ោង១១និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ សីហា ២០២០ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេ ពីអ្នកចម្រៀង ខេម និង ម្ចាស់ ឬ តំណាងផលិតកម្មថោន ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកខាងលើ ៕