ប្រមុខរាជរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ និស្សិតនិងសិស្សចូលស្តាប់និងសួរដេញដោលអំពីបញ្ហាព្រំដែន ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោក ហ៊ុន សែន ក៍បានចេញបញ្ជាឲ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់បង់ដីទៅឲ្យវៀតណាមនៅខេត្តត្បូងឃ្មុំផងដែរ ។
មកទល់នឹងម៉ោង១២និង៣៧នាទីថ្ងៃត្រង់ ថ្ងៃអង្គារនេះ នៅមិនទាន់ដឹងថាតើសិក្ខាសាលាដែលបើកផ្លូវឲ្យពលរដ្ឋ និស្សិតនិងសិស្សចូលស្តាប់និងសួរដេញដោលអំពីបញ្ហាព្រំដែន ជាពិសេសព្រំដែនភាគខាងកើតកម្ពុជា វៀតណាម នឹងត្រូវប្រព្រឹត្តធ្វើនៅទីកន្លែងណានិងកាលបរិច្ឆេទកំណត់ធ្វើច្បាស់លាស់នៅពេលណានោះទេ ។
លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៍ដូចជាមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅវេលាដដែលខាងលើ ។
សូមបញ្ជាក់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីខាងលើ បានធ្វើឡើងបន្ទាប់ពីបញ្ហាព្រំដែនរវាងខ្មែរ វៀតណាម បាននិងកំពុងជាប្រធានបទដ៍ក្តៅរបស់មហាជនមួយចំនួន ក្រោយពេលដែលកម្ពុជា វៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលរាជរដ្ឋាភិបាលអះអាងថាជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ និង ក្រោយពេលដែលមានការចាប់ឃុំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងការចាប់ឃុំខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះកាលពីពេលថ្មីៗនេះ ហើយដែលការចាប់ខ្លួនសកម្មជនព្រំដែនទាំងពីរត្រូវបានសមត្ថកិច្ចរាជរដ្ឋាភិបាលអះអាងថាអ្នកទាំងពីរប្រព្រឹត្តបទល្មើស«ជាក់ស្តែង»និងត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ៕