រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឆ្មក់ចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ដោយមានបទបញ្ជាដោយផ្ទាល់ពីលោកស្នងការ ឧត្តម សថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំងជំនាញគ្រប់ផ្នែក ជាពិសេសលោកវរសេនីយ៍ឯក ប៊ុនសត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលអោយធ្វើការស្រាវជ្រាវ ទើបឈានទៅដល់ធ្វើការបង្ក្រាបនៅទីតាំងខារ៉ាអូខេខាងលើ (ដែលជាអតីត ឌឹកព្រីវេ) តែបច្ចុប្បន្នបែរជាបើកមានបង្កប់ទៅដោយកន្លែងប្រើប្រាស់នៃថ្នាំក្រវីទៅវិញ ។
ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់(ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ។ ទាំងវត្ថុតាង ទាំងមនុស្ស ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ។
ទីតាំងខារ៉ាអូខេខាងលើនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបិទម្តងរួចមកហើយកាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ (ក្លឹបកម្សាន្ត ខារ៉ាអូខេយីហោ X ឌឹកព្រីវេ) ព្រោះតែមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានឱ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យាផ្លាស់ប្តូរពីខារ៉ាអូខេ ទៅជាភោជនីយដ្ឋានវិញ ហើយម្ចាស់ទីតាំងក៏បានសុំច្បាប់កែប្រែពីខារ៉ាអូខេ ទៅបើកជាភោជនីយដ្ឋាន Go18 ប៉ុន្តែស្រាប់តែលើកនេះ នៅតែបើកខារ៉ាអូខេដដែល ថែមទាំងមានការជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់និងប្រើប្រាស់ថ្នាំក្រវី ទៀតផង ។
ម្ចាស់ទីតាំងក្លឹបកម្សាន្តខាងលើនេះ នៅតែបន្តលួចលាក់បើកខារ៉ាអូខេម្តងជាពីរដង ផ្ទុយពីច្បាប់អនុញ្ញាតទៀត បន្ថែមលើនេះមានទាំងគ្រឿងញៀនទៀតផង រងចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ច មានវិធានការយ៉ាងណាទៅលើម្ចាស់អាជីវកម្មរូបនេះ ? ៕