អ្នកចំណាកស្រុកប្តូរទៅចាប់កណ្តុរលក់

ខ្លឹមសារ​គោល​៖ នា​រដូវវស្សា​មានទឹក​ឡើង​ក្នុង​ស្រែ​នៅ​ទូ​ទាំង​ស្រុក​កោះអណ្តែត ខេត្តតាកែវ ជា​ហេតុ​នាំ​ឱ្យ​សម្បូរ​ពួក​សត្វ​កកេរ​។ ដោយសារ​តែ​សេដ្ឋកិច្ច​សកលលោក​កំពុង​ធ្លាក់​ចុះ ហើយ​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ អ្នកខ្លះ​ក៏​កំពុង​តែ​ប្តូរ​មុខរបរ​ទៅ​ចាប់​កណ្តុ​រហើយ​នាំ​ចេញ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ក្នុង​ជីវភាព​។​

​ស្រុក​កោះអណ្តែត ខេត្តតាកែវ – កាលពី​ចុងខែ​កក្កដា នៅ​ខេត្តតាកែវ បុរស​ម្នាក់​ឈ្មោះ ឡោ សំអាត បាន​បើក​ធុង​ដាក់​ទឹកកក​ពណ៌​ទឹកក្រូច ដើម្បី​យក​ទឹកកក​មួយ​ដុំ​ចេញពី​ធុង​នោះ​។ បន្ទាប់​មក គាត់​បាន​បន្ត​កាត់​ទឹកកក​នោះ​ជា​ដុំ​តូច​ៗ ហើយ​ដុំ​ទឹកកក​ទាំងនោះ​ក៏​ខ្ទាត​ទៅ​គ្រប់​ទិស នៅ​ពេល​ដែល​គាត់​ចៀរ​ជា​ដុំ​តូច​ៗ​ប៉ុន​ផ្លែ​ទំពាំងបាយជូរ​។​

​បុរស​អត់​ពាក់អាវ​បញ្ចេញ​ទ្រូង​រូប​នេះ​ក៏​បាន​ដាក់​ដុំ​ទឹកកក​មួយ​ដុំ​ៗ​ចូល​ទៅ​ក្នុង​ទ្រុង​នីមួយ​ៗ​ធ្វើ​ពី​សរសៃដែក​នៅ​ទី​ធ្លាមុខផ្ទះ​។ ទ្រុង​នីមួយ​ៗ​ពេញ​ដោយ​សត្វ​កណ្តុរស្រែ​ដែល​មាន​ងាប់​ខ្លះ​។ ទឹកកក​អាច​ឱ្យ​សត្វ​ពពួក​កកេរ​នេះ​នៅ​មាន​ជាតិ​ទឹក និង​រស់​តាម​ផ្លូវ​នៅ​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​លក់​។​

​លោក សំអាត និង​ភរិយា​របស់​លោក​ឈ្មោះ ទុំ សុខ ស្ថិត​ក្នុង​ចំណោម​ឈ្មួញកណ្តាល​ជា​ច្រើន​នាក់ ដែល​បាន​ប្រមូល​ទិញ​សត្វ​កណ្តុរ​ដែល​អ្នក​ភូមិ​បាន​ចាប់ នៅ​ក្នុងស្រុក​កោះអណ្តែត ខេត្តតាកែវ​។ រដូវវស្សា​ទឹក​ឡើង​ពេញ​ស្រែ​នៅ​ទូ​ទាំង​ស្រុក​កោះអណ្តែត ខេត្តតាកែវ ជា​ហេតុ​នាំ​ឱ្យ​សម្បូរ​ពួក​សត្វ​កកេរ​ពណ៌​ប្រផេះ​ប៉ុន​ផ្លែ​ត្នោត​នេះ​។​

​បន្ទាប់​មក​ទៀត សត្វ​កណ្តុរ​ដែល​ជា​ធម្មតា​រក​ចំណី​ក្នុង​ស្រែ​និង​ស៊ី​កួរស្រូវ​នោះ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ជាទី​ដែល​ពួក​វា​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​និង​ទទួលទាន​។ អ្នក​ភូមិ​ជា​ច្រើន​ធ្វើ​ជា​ខ្មាស នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​អំពី​ជោគវាសនា​របស់​សត្វ​កណ្តុរ​ដែល​ត្រូវ​បាន​នាំ​ចេញ​ទាំងនោះ​។ មាន​តែ​លោក សំអាត ប៉ុណ្ណោះ​ដែល​លាន់មាត់​ខ្លាំង​ៗ​ថា​៖ «​គេ​ស៊ី​វា​ហ្នុ​ង​»​។​

​អ្នកស្រី សុខ អាយុ​៤៨​ឆ្នាំ បាន​និយាយ​ថា ពួក​គាត់​បាន​ឈប់​ទិញ​សត្វ​កណ្តុរ​ពី​អ្នក​ភូមិ​កាលពី​មេ​សា​និង​ដើមខែ​ឧសភា ពីព្រោះ​ព្រំដែន​វៀតណាម​ត្រូវ​បាន​គេ​បិទ​ក្នុង​ខែមីនា ដោយសារ​តែ​មាន​ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។​

​អ្នកស្រី​បាន​បន្ត​ថា ទើបតែ​នៅ​ចុងខែ​ឧសភា ពួក​គាត់​អាច​បញ្ជូន​សត្វ​កណ្តុរ​រស់​ៗ​ឱ្យ​ឆ្លងកាត់​ព្រំដែន​ឡើង​វិញ​បាន ពេល​ខ្លះ​តាម​ផ្លូវគោក ពេល​ខ្លះ​តាម​ផ្លូវទឹក​។​

​អ្នកស្រី សុខ និង​លោក សំអាត ដែល​មាន​អាយុ​៥១​ឆ្នាំ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គាត់​ឡើង​វិញ ពួក​គាត់​កត់សម្គាល់​ឃើញ​ថា អ្នក​ភូមិ​ក៏​នាំ​គ្នា​ចាប់​កណ្តុរ​ច្រើន​ឡើង​ៗ ហើយ​លក់​ឱ្យ​ឈ្មួញកណ្តាល​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ពួក​គាត់​។​

​អ្នកស្រី សុខ បាន​ពោល​ដូច្នេះ​ថា​៖ «​ឥលូវ​គេ​នាំ​គ្នា​លក់​កណ្តុរ​ច្រើន​ណាស់ ព្រោះ​គេ​អត់​មានការ​ងារ​ធ្វើ ដើម្បី​យក​លុយ​ទិញ​ម្ហូប​»​។​

​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ដោយ​មាន​ទ្រុង​ធំ​មួយ​ភ្ជាប់​នៅ​ខាងក្រោយ​ម៉ូតូ ហើយ​មានកូន​ស្រី​ម្នាក់​អង្គុយ​នៅ​ចន្លោះ​គាត់​និង​សត្វ​កណ្តុរ​។​

​ទោច​ក្រ​យាន្ត​នេះ​បាន​ចូល​ទៅ​ទី​ធ្លាមុខផ្ទះ​របស់​អ្នកស្រី សុខ និង​លោក សំអាត ហើយ​កូនប្រុស​របស់​ពួក​គាត់​យក​ទ្រុង​កណ្តុរ​មក​ថ្លឹង ហើយ​រលាក់​ទ្រុង​នោះ​ឱ្យ​កណ្តុរ​ដែល​មាន​ចំនួន​ប្រហែល​២៥​ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​របស់​គ្រួសារ​ខ្លួន​។ បន្ទាប់​ពី​អាប់​លុយ​ជា​ប្រាក់​រៀល​រួច ស្ត្រី​នោះ​និង​កូនស្រី​របស់​គាត់​ក៏​បាន​ចាកចេញ​ទៅ​ដោយ​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​។​

​អ្នកស្រី សុខ បាន​ពន្យល់​ដូច្នេះ​ថា​៖ «​មាន​គេ​មក​លក់​ច្រើន​ណាស់​។ ឱ្យ​តែ​គេ​ចាប់​បាន យើង​ទិញ​យក តែបើ​គេ​នៅ​វៀតណាម​មិន​ទិញ​យើង​ទេ យើង​ក៏​មិនដឹង​ជា​ទិញ​ពី​គាត់​ម៉េច​ដែរ​។​»

​អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​៖ «​តម្លៃ​បាន​ធ្លាក់​ចុះ​ពី​៥០០០​រៀល (​ប្រហែល​១,២៥​ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម មក​នៅ​៤៥០០​រៀល (១,១០​ដុល្លារ​) នា​ខែ​ភ្លៀង​ដែល​ចាប់ផ្តើម​ក្នុង​ខែឧសភា​»​។​

​អ្នកស្រី សុខ បានឱ្យ​ដឹង​ថា ចំនួន​អ្នក​ចាប់​សត្វ​កណ្តុរ​បាន​កើនឡើង​នៅ​ក្នុងស្រុក​របស់​អ្នកស្រី ដែល​ភាគច្រើន​ដោយសារ​តែ​ពួក​គាត់​ឈប់​ធ្វើការ ហើយ​មានឱកាស​ការងារ​តិចតួច តាំងពី​មាន​ករណី​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ លើកលែងតែ​ការងារ​នៅ​លើ​ស្រែ​ទេ​។​

​អ្នកស្រី​បាន​និយាយ​សំដៅ​ដល់​សកម្មភាព​លក់​សត្វ​កណ្តុរ​នេះ​ថា​៖ «​វា​ជា​រឿង​ល្អ​តើ​! សម្រាប់​អ្នក​ភូមិ​។ គាត់​អាច​រកបាន​តិច​ណាស់​ក៏​១​ម៉ឺន​ដែរ (២,៥​ដុល្លារ​) ទៅ ១៥០០០ (៣,៧៥​ដុល្លារ​) ដែរ​ក្នុង​មួយ​ថ្ងៃ​។​»

​ក៏​ប៉ុន្តែ​អ្នក​ភូមិ​នៅ​ស្រុក​កោះអណ្តែត​បាន​លើក​ឡើង​ថា ប្រាក់​ចំណូល​រកបាន​ពី​សកម្មភាព​លក់​សត្វ​កណ្តុរ​នេះ​មាន​ចំនួន​តិចតួច​ណាស់ ពោល​គឺ​បាន​ត្រឹមតែ​អាច​លៃលក​តម្រូវការ​មូលដ្ឋាន​ដូច​ជា​អង្ករ​ជាដើម​ប៉ុណ្ណោះ​។ ការងារ​នេះ​ទាមទារ​ឱ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​នឿយហត់​ខ្លាំង ប៉ុន្តែ​បាន​ចំណូល​តិចតួច​។​

​លោក ចាន់ វ៉ា​ន់​ដេ​ត ជា​កសិករ​នៅ​ភូមិ​ចំបក់​ឯម ស្រុក​កោះអណ្តែត ជិះទូក​រយៈពេល​៣០​នាទី​រៀងរាល់ថ្ងៃ ទៅ​ស្រែ​នៅ​ក្បែរ​ព្រំដែន​វៀតណាម ដើម្បី​ចាប់​សត្វ​ស្មោកគ្រោក​ទាំងនេះ​។ នៅ​ពេល​នៅ​ស្រែ លោក វ៉ា​ន់​ដេ​ត មិន​ប្រើ​អន្ទាក់​ឬ​សំណាញ់​ទេ​។ លោក​ប្រើ​តែ​ដៃទទេ​ដើម្បី​ចាប់​កន្ទុយ​សត្វ​កណ្តុរ​ចេញពី​រូង ជា​ហេតុ​បណ្តាល​ឱ្យ​យូរ​ៗ​ម្តង​លោក​ត្រូវ​សត្វ​កណ្តុរ​ខាំ នាំ​ឱ្យ​មាន​ស្លាកស្នាម​នៅ​លើ​ដៃ​។​

​សកម្មភាព​ចាប់​ពួក​សត្វ​កកេរ​តាម​របៀប​ធម្មតា​នេះ មាន​ភាព​យឺតយ៉ាវ​និង​លំបាក​។ លោក វ៉ា​ន់​ដេ​ត បាន​លើក​ឡើង​ថា ចំនួន​មនុស្ស​នៅ​ស្រែ​មាន​កាន់តែ​ច្រើន​ឡើង​ៗ ដោយសារ​តែ​ត្រូវ​ប្រជែង​គ្នា​ចាប់​សត្វ​កណ្តុរ​ដែល​មាន​ចំនួន​នៅ​ដដែល​។​

​លោក​បាន​ពោល​ដូច្នេះ​ថា​៖ «​គេ​មក​រក​កណ្តុរ​ហ្នឹង​ស្ទើរតែ​ពេញ​មួយ​ភូមិ​ទៅ​ហើយ ហើយ​ពេល​ថ្ងៃ​ភូមិ​ឡើង​ស្ងាត់​។ បើ​មានការ​ងារ​ស្រួល​ធ្វើ​ផ្សេង ខ្ញុំ​មិន​មក​ទេ ព្រោះ​វា​ពិបាក​ណាស់ ហើយ​ចាប់​កណ្តុរ​មិន​បាន​ច្រើន​ទៅ​ទៀត​ហ្នឹង​។​»

​លោក វ៉ា​ន់​ដេ​ត បានឱ្យ​ដឹង​ទៀត​ថា គ្រួសារ​របស់​លោក​មាន​ស្រែ​មួយ ហើយ​ពួក​គាត់​អាច​លក់​ស្រូវ​បាន ប៉ុន្តែ​លុះត្រាតែ​ឈ្មួញ​វៀតណាម​ទិញ​ស្រូវ​ទាំងនោះ ហើយ​ផ្តល់​តម្លៃ​ល្អ​។ លោក​បាន​បញ្ជាក់​ថា តម្លៃ​ស្រូវ​ស្ថិត​នៅ​ចន្លោះ​ប្រហែល​ពី​៧០០ ០០០​រៀល (១៧៥​ដុល្លារ​) ក្នុង​មួយ​តោន ពោល​គឺ​ធ្លាក់​ពី​៩០០ ០០០​រៀល (២២៥​ដុល្លារ​)​។​

​លោក វ៉ា​ន់​ដេ​ត បានឱ្យ​ដឹង​ថា ដោយសា​តែ​ចំណូល​ពីមុខ​របរ​លក់​ស្រូវ​ធ្លាក់​ចុះ​បែប​នេះ គ្រួសារ​របស់​អាច​រក​ចំណូល​ផាត់​ចំណាយ​បាន​បន្តិចបន្តួច ពោល​គឺ​ប្រហែល​៧,៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​យក​ទៅ​ទិញ​ម្អូ​ប​និង​បំពេញតម្រូវការ​ចាំបាច់​ផ្សេង​ៗ​ទៀត​។​

​ភរិយា​របស់​លោក​ឈ្មោះ ខៀន ថា​ច ដែល​កំពុង​គេង​លើ​អង្រឹង បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ដើម្បី​ទទួល​បានការ​ងារ​ធ្វើ មាន​តែ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​ធានា​ថា ពួក​គាត់​អាច​រក​ការងារ​បាន​ធ្វើ​ទេ​នៅ​ក្នុង​វិស័យ​នានា​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដូច​ជា វិស័យ​កាត់ដេរ​និង​វិស័យ​សំណង់​ជាដើម​។​

​អ្នកស្រី ថា​ច បាន​ពោល​ថា​៖ «​ប្រជាជន​នៅ​ហ្នឹង​គ្មាន​ការងារ​ធ្វើ​ទេ​។ គ្មាន​ស្អី​ផ្សេង​ធ្វើ​ទេ​ក្រៅពី​ចាប់​កណ្តុរ​នោះ​។ ពួក​ខ្ញុំ​ពេញចិត្ត​នឹង​លុយ​ប៉ុណ្ណឹង ព្រោះ​ធ្វើស្រែ​ឥលូវ​មិនសូវ​ល្អ​ទេ​។​»

​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ដំបូង​ឡើយ​បាន​បដិសេធ​ថា អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​នោះ សត្វ​កណ្តុរ​មិន​ត្រូវ​បាន​គេ​ជួញដូរ​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ខិតខំ​ចាក់​សួរ លោក​បាន​បញ្ជាក់​ថា សត្វ​កណ្តុរ​កំពុង​ត្រូវ​បាន​ដឹក​ញ្ជូ​ន​ឆ្លងកាត់​ព្រំដែន​វៀតណាម​។​

​លោក ស្រ៊​ន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ថា​តើ​សត្វ​កណ្តុរ​រស់​អាច​ជា​ការ​បង្កើត​បញ្ហា​ដល់​សុខភាព​ដែរ​ឬ​យ៉ាងណា ជា​ពិសេស​នៅ​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺឆ្លង​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៧៣០ ០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។​

​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា គិត​ចាប់តាំងពី​ខែមករា​មក មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២៦៨​ករណី ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​២២០​នាក់​និង​៤៨​នាក់​កំពុង​សម្រាក​ព្យាបាល ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ដោយសារ​តែ​ជំងឺឆ្លង​នេះ​ទេ ហើយ​ក៏​មិន​មាន​ករណី​ឆ្លង​ត្រូវ​បាន​រាយការណ៍​នៅ​ខេត្តតាកែវ​ដែរ​។​

​លោក ស្រ៊​ន បាន​គូសបញ្ជាក់​យ៉ាង​លឿន​ថា សកម្មភាព​ជួញដូរ​ក្រៅផ្លូវការ​កំពុង​ជួយ​អ្នក​ភូមិ​ឱ្យ​រក​ចំណូល​បាន ដោយ​ថា គ្រួសារ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​រ៉ាប់រង​ចំណាយ​បាន​ច្រើន​។ លោក​បាន​លើក​ឡើង​ពី​គុណប្រយោជន៍​នៃ​សកម្មភាព​ជួញដូរ​នេះ​ចំពោះ​កសិករ​ដាំ​ស្រូវ​ផង​ដែរ ដោយ​បញ្ជាក់​ថា កណ្តុរ​អាច​បំផ្លាញ​ស្រែ​បាន ប្រសិនបើ​ពួក​វា​មិន​ត្រូវ​បាន​កសិករ​ចាប់​ទេ​នោះ​។​

​លោក​បាន​ពោល​បន្ថែម​ដូច្នេះ​ថា​៖ «​បើ​មិន​ចាប់​វា​លក់​ឬ​បំផ្លាញ​វា​ទេ វា​នឹង​បំផ្លាញ​ដំណាំ​របស់​យើង​។​»

​មន្ត្រី​កសិកម្ម​រូប​នេះ​បាន​ពន្យល់​ថា កណ្តុរ​ភាគច្រើន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ពីព្រោះ​ប្រទេស​នេះ ប្រជាជន​ចូល​ចិត្ត​ទទួលទាន​សត្វ​កណ្តុរ ហើយ​លោក​បាន​បន្ថែម​ថា ប្រជាជន​ខ្មែរ​ក៏​ទទួលទាន​សាច់សត្វ​កណ្តុរ​ដែរ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​សត្វ​កណ្តុរ​ខ្មែរ​ស៊ី​ក្តាម ខ្យង កួរស្រូវ និង​ស្មៅ​។ ដូច្នេះ ទទួលទាន​សាច់​កណ្តុរ មិន​មាន​អនាម័យ​ទេ​។​»

​លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​លើក​ឡើង​ថា អ្នក​ភូមិ​គួរតែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទទួលទាន​សាច់សត្វ​កណ្តុរ និង​ត្រូវ​ប្រាកដ​ថា វា​ត្រូវ​បាន​ចម្អិន​ត្រឹមត្រូវ មុន​ពេល​ទទួលទាន​។ លោក​បាន​បញ្ជាក់​ថា សកម្មភាព​ដឹក​សត្វ​កណ្តុរ​ទាំងនេះ​នៅ​ក្នុង​លក្ខខណ្ឌ​គ្មាន​អនាម័យ អាច​បង្កបង្កើត​ឱកាស​ឆ្លង​ជំងឺ​ផ្សេង​ៗ​ទៅ​សត្វ​ឬ​មនុស្ស​។​

​លោក ស៊ី​ណាត បាន​បញ្ជាក់​ថា ក្តី​កង្វល់​ធំ​ផ្នែក​សុខភាព​នៅ​ក្នុង​សកម្មភាព​ជួញដូរ​សត្វ​កណ្តុរ គឺជា​រឿង​ទី​ពីរ​។ រឿង​សំខាន់ គឺ​វា​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចូល​គ្រួ​សារបាន​ខ្លះ អំឡុង​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រសិនបើ​គាត់​មិនរ​ករបរ​ហ្នឹង​ទេ គាត់​នឹង​គ្មាន​លុយ​ទិញ​ម្អូ​ប​ទេ​។​»

​លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បសុសត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម មិន​អាច​ទំនាក់ទំនង​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​។​

​អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) បាន​លើក​ឡើង​នៅ​ក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច​ថា សត្វ​កណ្តុរ​អាច​ជា​«​ប្រភព​នៃ​ជំងឺឆ្លង​ជា​ច្រើន​»​។​

​អង្គការ​នេះ​បាន​លើក​ឡើង​ថា​៖ «​គួរតែ​មានកម្ម​វិធី​ផ្សព្វផ្សាយ​ឱ្យ​យល់​ដឹង​អំពី​ជំងឺ​អាច​ចម្លង​ពី​សត្វ​មក​មនុស្ស​ជា​ទូទៅ និង​គួរតែ​ជំរុញ​ឱ្យ​អនុវត្ត​វិធានការ​បង្ការ​សាមញ្ញ​ៗ​មួយ​ចំនួន ដូច​ជា លាងដៃ មិន​យកដៃ​ទៅ​ប៉ះ​មាត់​ឬ​ភ្នែក [​និង​] ពាក់​ម៉ាស់ នៅ​ពេល​ចាប់​សត្វ​និង​នៅ​ពេល​កាន់​សត្វ​ទាំងនេះ​។​»

​លើស​ពី​នេះ​ទៅ​ទៀត អង្គការ OIE បាន​លើក​ឡើង​កាលពី​ខែឧសភា​ថា មាន​សញ្ញា​បញ្ជាក់​ពី​ករណី​ទំនង​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​សត្វ​សំពោច​អា​មេ​រិ​ក​ច​ញ្ចឹ​ម​កើត​ជំងឺ​ហើយ​ឆ្លង​ទៅ​មនុស្ស​។​

​ទាក់ទង​នឹង​វីរុស​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូ​វី​ដ​១៩ អង្គការ​នេះ​បាន​អះអាង​ថា គិត​ត្រឹម​កាលពី​ចុងខែ​ឧសភា​៖ «​ភស្តុ​តាង​ពី​ឯកសារ​វាយតម្លៃ​ហានិភ័យ អង្កេត​ដំណើរការ​ឆ្លង​មេរោគ និង​លទ្ធផល​ពិសោធន៍ មិន​បាន​បញ្ជាក់​ថា សត្វ​នៅ​រស់​ឬ​ផលិតផល​សត្វ​មាន​តួនាទី​ណាមួយ​ក្នុង​ការ​ចម្លងជំងឺ SARS-COV-2-2 ទៅ​មនុស្ស​ទេ​។​»

​អង្គការ​នេះ​បាន​លើក​ឡើង​បន្ថែម​ថា​៖ «​ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​សព្វ​ថ្ងៃនេះ កើតឡើង​ដោយសារ​ចលនា​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​»

​រសជាតិ​ដូច​សាច់​មាន់​

​មុខរបរ​លក់​សត្វ​កណ្តុរ​នេះ​ផ្តល់​ផលប្រយោជន៍​តិចតួច​ដល់​អ្នកស្រី ជៀម នុ​ត អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​លើ​ដី​តូច​មួយ​ជាមួយ​បងប្អូន​ស្រី​ពីរ​នាក់ រួម​ទាំង​ប្អូនប្រុស​ម្នាក់​ដែល​មានគ្រួសារ រស់នៅ​ជាមួយ​គ្នា​ទាំងអស់​។ អ្នកស្រុក​កោះអណ្តែត​រូប​នេះ​បានឱ្យ​ដឹង​ថា សមាជិក​ទាំង​ប្រាំបី​នាក់​ក្នុង​គ្រួសារ គ្មាន​ជម្រើស​ណា​ក្រៅពី​ក្រោក​ពី​ព្រលឹម​រៀងរាល់ថ្ងៃ​ទៅ​រក​កណ្តុរ​នៅ​ក្នុង​ស្រែ​ទេ​។​

​វិបត្តិ​ជំងឺ​រីក​រាលដាល​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​និង​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នកស្រី ជា​ពិសេស​ក្រោយ​ពេល​ដែល​ស្វាមី កូនប្រុស​ពេញវ័យ ប្អូនស្រី និង​ប្អូនថ្លៃ​របស់​អ្នកស្រី ត្រូវ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​កាលពី​ខែមិថុនា​និង​កក្កដា ដោយសារ​តែ​មិន​អាច​រង់ចាំ​ឱ្យ​សេដ្ឋកិច្ច​ធូរស្រាល​ឡើង​វិញ​បាន​។​

​អ្នកស្រី នុ​ត ថា​អ្នក​ទាំង​បួន​បាន​ធ្វើការ​ជាមួយ​គ្នា​នៅ​រោង​ឈើ​មួយ​កន្លែង ហើយ​ជា​ធម្មតា​រក​ប្រាក់​ចំណូល​បាន​មិន​តិច​ជាង​២២៥​ដុល្លារ​ក្នុង​មួយ​ខែ​ទេ តាម​រយៈ​ការងារ​ផ្សេង​ៗ​ដូច​ជា ឈូស​និង​ប៉ូ​លា​ឱ្យ​ផលិតផល​ឈើ​រលោង​។​ ​សមាជិកគ្រួសារ​ទាំង​បួន​នាក់​ដែល​បាន​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ត្រូវ​បង់ប្រាក់​ម្នាក់​ប្រហែល​១០​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ឱ្យ​អ្នក​ចងការ សម្រាប់​ទូទាត់​សង​ប្រាក់​កម្ចី​ដែល​ពួក​គាត់​បាន​ខ្ចី ដើម្បី​យក​ទៅ​ធ្វើ​លិខិតឆ្លងដែន ធ្វើ​ដំណើរ និង​រត់ការ​ឯកសារ​ទៅ​ប្រទេស​ថៃ​។​

​អ្នកស្រី នុ​ត បានឱ្យ​ដឹង​ទៀត​ថា ស្វាមី​និង​កូនប្រុស​អ្នកស្រី បាន​ខ្ចីប្រាក់​ប្រហែល​៥០០​ដុល្លារ​សម្រាប់​រត់​ឯកសារ​របស់​ពួក​គាត់​និង​បាន​សង​វិញ​ប្រហែល​ពាក់កណ្តាល​ហើយ​។​

​អ្នកស្រី ជៀម ចិន្តា ដែល​ជា​ប្អូនស្រី​របស់​អ្នកស្រី នុ​ត បានឱ្យ​ដឹង​ថា បងស្រី​និង​បងថ្លៃ​ប្រុស​របស់​អ្នកស្រី បាន​ខ្ចីប្រាក់​ប្រហែល​៦០០​ដុល្លារ​សម្រាប់​រត់​ឯកសារ​និង​ប្រហែល​៤០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ចំណាយ​ផ្សេង​ៗ​។​

​អ្នកស្រី នុ​ត បាន​ខ្ចីប្រាក់​បន្តិចបន្តួច​ទៀត​ពី​អ្នក​ចងការ ហើយ​អ្នកស្រី ចិន្តា ដែល​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​កាលពី​ខែកក្កដា​នោះ កំពុង​តែ​សងបំណុល​គេ សម្រាប់​ប្រាក់​កម្ចី​ដែល​យក​ទៅ​ជួសជុលផ្ទះ​របស់​ពួក​គេ​។​

​អ្នកស្រី នុ​ត បាន​ពោល​ដូច្នេះ​ថា​៖ «​លំបាក​ណាស់ ព្រោះ​យើង​ត្រូវ​ចំណាយ​ច្រើន​។​»

​គ្រួសារ​នេះ​អាច​លៃលក​សងបំណុល​បាន​នៅ​ពេល​ដែល​សមាជិក​ទាំង​បួន​នាក់​បាន​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​នៅ​ពេល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ពួក​គាត់​បានដឹង​ច្បាស់​ថា មាន​ការងារ​តិចតួច​ឬ​គ្មាន​តែ​ម្តង​នៅ​ក្នុងស្រុក​កោះអណ្តែត​នេះ​ឬ​នៅ​ក្រុង​ផ្សេង​ៗ ជា​ហេតុ​បណ្តាល​ឱ្យ​ជីវភាព​រស់នៅ​និង​ការ​ទូទាត់​បំណុល​ជួប​ការ​លំបាក​។​

​ខណៈ​ដែល​មន្ត្រី​នានា កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា អ្នក​ចំណាកស្រុក​ដែល​ត្រឡប់​មក​វិញ គួរតែ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ធ្វើស្រែ​ចម្ការ​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​។​

​ធនាគារពិភពលោក បាន​រាយការណ៍​កាលពី​ខែឧសភា​ថា វិស័យ​កសិកម្ម​ដែល​មិនសូវ​ផ្តល់​ផល​នោះ មិន​ទំនងជា​អាច​ជួយ​សម្រាល​បញ្ហា​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា វិស័យ​នាំ​ចេញ​និង​វិស័យ​ទេសចរណ៍​ជាដើម​ទេ ដោយសារ​តែ​ចលនា​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​។​

​អ្នកស្រី នុ​ត បាន​និយាយ​ថា​៖ «​អ្នកមាន​ស្រែ​អាច​ធ្វើ​កសិកម្ម​បាន តែ​ពួក​យើង​គ្មាន​អ្វី​សោះ​ហ្នឹង​។​»

​គ្រួសារ​នេះ​អាច​ចាប់​សត្វ​កណ្តុរ​បាន​ប្រហែល​បួន​ឬ​ប្រាំ​ក្បាល​រៀងរាល់ថ្ងៃ ហើយ​លក់​កណ្តុរ​រស់​បាន​លើស​១​ដុល្លារ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ កណ្តុ​រងាប់​ត្រូវ​បាន​យក​ទៅ​ផ្ទះ​យ៉ាង​លឿន ហើយ​អាំង​ធ្វើ​ជា​ម្ហូប​សម្រាប់​ថ្ងៃ​បន្ទាប់​។​

​អ្នកស្រី នុ​ត បាន​ខ្ចប់​សាច់​អាំង​ទុក​ឱ្យ​សមាជិកគ្រួសារ​របស់​អ្នកស្រី​ដែល​ចេញ​ទៅ​ស្រែ ហើយ​ទុក​ខ្លះ​សម្រាប់​អ្នកស្រី​ខ្លួនឯង​ទទួលទាន​ជាមួយ​ពង​ទា​ចៀន​ឬ​បាយ​។​

​អ្នកស្រី ចិន្តា បាន​និយាយ​ថា​៖ «​ដូច​ញ៉ាំ​សាច់​មាន់ សាច់​ជ្រូក ឬ​សាច់​គោ​អ៊ីចឹង​។​»

​អ្នកស្រី​បាន​បន្ថែម​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​អ្នក​ភូមិ​ក្នុង​តំបន់​នេះ​ទទួលទាន​សាច់​កណ្តុរ​។​

​បងប្អូន​ស្រី​ទាំង​ពីរ​នាក់​នេះ​បានឱ្យ​ដឹង​ថា សកម្មភាព​ចាប់​សត្វ​កណ្តុរ​គឺជា​ប្រភព​ប្រាក់​ចំណូល​តែ​មួយ​គត់​សម្រាប់​គ្រួសារ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​បារម្ភ​ខ្លាច​តែ​អ្នក​ភូមិ​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក​ជាង​នេះ​ទៀត ប្រសិនបើ​សេដ្ឋកិច្ច​នៅ​តែ​បន្ត​ធ្លាក់​ចុះ​បែប​នេះ​។​

​អ្នកស្រី នុ​ត ពោល​ទាំង​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ថា​៖ «​បើ​នៅ​តែ​អីចឹង​ទៀត ប្រជាជន​នឹង​ដាច់​បាយ​ហើយ​»៕

ប្រភព៖ VOD