កងកម្លាំងទាហានព្រំដែនវៀតណាមបានសង់សំណង់រឹងមាំនៅតាមបណ្តោយព្រំដែនដែលគណៈកម្មការព្រំដែនកម្ពុជាវៀតណាមមិនទាន់ឯកភាពគ្នា ខណៈមុននេះ វៀតណាមបានអះអាងថាខ្លួនសង់តង់បណ្តោះអាសន្នដើម្បីធ្វើជាទីតាំងប៉ុស្តិ៍សុខភាពទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាលដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកាលពីថ្ងៃទី២៦ សីហា ២០២០ ហើយដែលរបាយការណ៍នេះត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ សីហានេះ បានបញ្ជាក់ថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ៈល្ងាច កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណចំនួន០៨នាក់ ដោយសហការជាមួយកម្លាំងយោធាការពារព្រំដែនកង៦០១ ចំនួន០៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍ ៩២៥ វិញសឿង នៅនិយាមកា ៥១៤៥៧៥-១២០៦៩៤៨ ភូមិ ភូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ x ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលយើង(ខ្មែរ)គ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ »។
របាយការណ៍ក៍បានបញ្ជាក់ទៀតថា ក្រោយពីឃើញវៀតណាមសាងសង់បែបនេះ ភាគីខ្មែរទាំង៣អង្គភាពខាងលើ បានស្នើឲ្យវៀតណាមបញ្ឈប់ការសាងសង់ តែទាហានវៀតណាមមិនយល់ព្រម ដោយអះអាងថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ។
បើតាមរបាយការណ៍ដដែល ក៍បានសង្កត់ធ្ងន់ថា ក្រៅពីទាហានវៀតណាមបដិសេធមិនបញ្ឈប់ការសាងសង់ វៀតណាមក៍បានប្រាប់ភាគខ្មែរថា គេនឹងសាងសង់សំណង់រឹងមាំ០៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់នោះថែមទៀត ហើយនៅថ្ងៃទី២៦ សីហាម្សិលមិញ អភិបាលស្រុកលើកដែកនិងកម្លាំងពាក់ព័ន្ឋ បានចុះត្រួតពិនិត្យទីតាំងខាលើម្តងទៀត និង បានសំណូមពរឲ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ តែវៀតណាមនៅតែមិនយល់ព្រមនិងសាងសង់បន្តទៀត ។
ជុំវិញរបាយការណ៍ខាងលើនេះដែរ នៅព្រឹកថ្ងៃទី២៧ សីហា ២០២០ «អង្រុត» បានទាក់ទងទៅលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែទូរសព្ទលោកទទួលការហៅចូលបានហើយ តែមិនមានអ្នកលើកទទួល ។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែន និង លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅរសៀលថ្ងៃទី២៧ សីហា ២០២០ ។
ជាការកត់សម្គាល់ ការសាងសង់សំណង់រឹងមាំពីសំណាក់ទាហានវៀតណាមខាងលើ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់បង់ដីទៅឲ្យវៀតណាមនៅខេត្តត្បូងឃ្មុំ និងប្រាប់រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ និស្សិតនិងសិស្សចូលស្តាប់និងសួរដេញដោលអំពីបញ្ហាព្រំដែនផងដែរ ៕