លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសជាសាធារណៈថា«
«គឺខ្ញុំមិនអាចអត់ឱនទេចំពោះអ្នកមួយចំនួនដែលចោទប្រកាន់ថា ការផលិត និងបោះពុម្ពផែនទីខ្នាត ១/២៥០០០ បែរជាការចោទថាការនេះធ្វើឱ្យបាត់ប្រទេសបាត់ទឹក បាត់ដីជាដើមនេះ មិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះនេះជារឿងដ៏ខាន់បំផុត របស់ប្រទេសជាតិយើងដែលទទួលបានជោគជ័យដ៏ធំធេងនេះទម្រាំបានផែនទីនេះទុកជាឯកសារសម្រាប់ប្រើប្រាស់នេះ វាមានការលំបាកណាស់ ហើយក៏មិនមែនជាភាពងាយស្រួលនោះទេ»។
លោកបន្តថា «ឥឡូវនេះយើងធ្វើកិច្ចការងារនេះបានយ៉ាងល្អជាទីបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលយើង មិនធ្លាប់មានទេ។ ការដែលរៀបចំបោះបានផែនទីមួយខ្នាត ១/២៥០០០ នេះ គឺវាជាជោគជ័យមួយដ៏ធំណាស់ សម្រាប់ឯកសារជាតិ របស់យើងមួយដែលមានសារសំខាន់ដ៏ធំធេងជាទីបំផុត»។
ការប្រកាសរបស់លោក ទៀ បាញ់ ខាងលើ បានធ្វើឡើងនៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្រោយបញ្ចប់ពិធីប្រគល់និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងសរុប ១,២៧០គីឡូម៉ែត្រ ដែលបាន និងកំពុងរៀបចំបោះបង្គោលព្រំដែន និងខណ្ឌសីមា ដែលពេលនេះ បានសម្រេចប្រមាណ៨៤ភាគរយហើយ។ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា- វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តថា នឹងដោះស្រាយបញ្ចប់បញ្ហាព្រំដែននេះ ក្នុងពេលឆាប់ៗខាងមុខ។
កាលពីថ្ងៃទី០៥ តុលា ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ ហើយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្ពុជា និងវៀតណាម បានរៀបចំពិធីប្រគល់និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាសមិទ្ធផល នៃការបោះបង្គោលព្រំដែន៨៤ភាគរយនេះ មកប្រើប្រាស់ផងដែរ ៕