អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានអះអាងថា សំណង់រឹងមាំដែលកងកម្លាំងទាហានវៀតណាមបានសង់ក្បែរតង់ចាស់នោះ គឺនៅលើទឹកដីរបស់វៀតណាម ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) លោក គង់ សោភ័ណ្ឌ បានលើកឡើងទៀតថា អាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធាការពារព្រំដែនបានចុះទៅពិនិត្យមើលការសាងសង់នោះ និងបានស្នើសុំឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់ ប៉ុន្តែពួកគេបានបដិសេធ។ ទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្តកណ្តាល បានលើកឡើងថា អាជ្ញាធរកម្ពុជាមិនមានជម្រើសអ្វីក្រៅពីស្នើសុំម្តងហើយម្តងទៀតក្នុងនាមជាប្រទេសជិតខាង ដើម្បីឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់សំណង់រឹងមាំនេះ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាលដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកាលពីថ្ងៃទី២៦ សីហា ២០២០ ហើយដែលរបាយការណ៍នេះត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ សីហានេះ បានបញ្ជាក់ថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ៈល្ងាច កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណចំនួន០៨នាក់ ដោយសហការជាមួយកម្លាំងយោធាការពារព្រំដែនកង៦០១ ចំនួន០៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍ ៩២៥ វិញសឿង នៅនិយាមកា ៥១៤៥៧៥-១២០៦៩៤៨ ភូមិ ភូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ x ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលយើង(ខ្មែរ)គ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ »។
របាយការណ៍ក៍បានបញ្ជាក់ទៀតថា ក្រោយពីឃើញវៀតណាមសាងសង់បែបនេះ ភាគីខ្មែរទាំង៣អង្គភាពខាងលើ បានស្នើឲ្យវៀតណាមបញ្ឈប់ការសាងសង់ តែទាហានវៀតណាមមិនយល់ព្រម ដោយអះអាងថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ។
បើតាមរបាយការណ៍ដដែល ក៍បានសង្កត់ធ្ងន់ថា ក្រៅពីទាហានវៀតណាមបដិសេធមិនបញ្ឈប់ការសាងសង់ វៀតណាមក៍បានប្រាប់ភាគខ្មែរថា គេនឹងសាងសង់សំណង់រឹងមាំ០៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់នោះថែមទៀត ហើយនៅថ្ងៃទី២៦ សីហាម្សិលមិញ អភិបាលស្រុកលើកដែកនិងកម្លាំងពាក់ព័ន្ឋ បានចុះត្រួតពិនិត្យទីតាំងខាលើម្តងទៀត និង បានសំណូមពរឲ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ តែវៀតណាមនៅតែមិនយល់ព្រមនិងសាងសង់បន្តទៀត ៕