រាជធានីភ្នំពេញ ៖ កន្លងមក ឪពុកម្តាយ១៥គ្រួសារ បានដាក់ពាក្យបណ្តឹងលើម្ចាស់ផលិតម្សៅទឹកដោះគោម៉ាក Nutrilatt ទៅកាន់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដោយសារតែកូនរបស់ពួកគាត់មានអាការស្លេកស្លាំង ក្រោយប្រើប្រាស់ផលិតផលនេះ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានយកសំណាកទឹកដោះគោទៅពិសោធ ហើយលទ្ធផលបង្ហាញថា ម្សៅទឹកដោះគោ ពិតជាមានសារធាតុដែកទាប ដែលអាចប៉ះពាល់ដល់សុខភាពកុមារ ។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ លើកឡើងថា ផ្អែកតាមលទ្ធផលវិភាគ បង្ហាញថា បរិមាណជាតិដែក និងជាតិស័ង្កសីជាក់ស្ដែងដែលមាននៅក្នុងសំណាកផលិតផលម្សៅទឹកដោះគោនុតទ្រីលែតស៍ (ដែលមានលេខកូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩) មានកម្រិតទាបជាងឆ្ងាយយ៉ាងខ្លាំងពីបរិមាណដែលបានបញ្ជាក់លើស្លាកផលិតផល ពោល គឺកម្រិតជាតិដែកមានចំនួន២០ដងតិចជាងចំនួនជាតិដែក ដែលបានបញ្ជាក់លើស្លាកផលិតផល ។ ចំណែកឯជាតិស័ង្កសីវិញមានចំនួនតែជាងពាក់កណ្ដាលប៉ុណ្ណោះទៅនឹងអ្វីដែលបានបញ្ជាក់លើស្លាកសញ្ញា ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានលើកឡើងក្នុងរបាយការណ៍លទ្ធផលពិសោធន៍ជាង៤០ទំព័រនោះថា៖ «ផលិតផលនុតទ្រីលែត មិនបានបំពេញតម្រូវការអប្បបរមាលើកម្រិតជាតិដែកដែលមានកំណត់ក្នុងស្ដង់ដារ Codex (សុវត្ថិភាពអាហារសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង) នោះទេ ។ ជាក់ស្ដែង ផលិតផលនេះស្ទើរតែគ្មានជាតិដែកសោះ ពោលគឺកម្រិតជាតិដែកមានត្រឹមតែ <០,២៥មីលីក្រាម/១០០ក្រាមប៉ុណ្ណោះ» ។
អង្គភាពនេះបន្តថា ស្ដង់ដារអន្តរជាតិគឺតម្រូវការជាតិដែកយ៉ាងតិចណាស់ ២,២៨៦មីលីក្រាម/១០០ក្រាម សម្រាប់ទារកអាយុ០ខែដល់៦ខែ (ទឹកដោះគោម្សៅលេខ១) និង ៤,៧២មីលីក្រាម/១០០ក្រាម សម្រាប់កុមារអាយុពី៦ខែដល់១២ខែ (ទឹកដោះគោម្សៅលេខ២) ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រកាសទុកពេល១សប្ដាហ៍ ដើម្បីឱ្យក្រុមហ៊ុននុតទ្រីលែតឆ្លើយតប ចំពោះឪពុកម្ដាយកុមារនិងទារកដែលរងគ្រោះ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លោក ផាន់ អូន ថ្លែងថា ចំណាត់ការបន្តនឹងធ្វើឡើងនៅក្រោយថ្ងៃទី៣ ខែកញ្ញា ដែលជាថ្ងៃកំណត់ តម្រូវឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនឆ្លើយតបចំពោះមាតាបិតាកុមាររងគ្រោះ ៕