ជប៉ុន ៖ នៅទីបំផុតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ Abe Shinzo បានប្រកាសដោយផ្ទាល់ថា សម្រេចលាលែងពីតំណែងហើយ ដោយបញ្ជាក់ហេតុផលថា មិនចង់ឱ្យបញ្ហាសុខភាពផ្ទាល់ខ្លួនលោក ដែលកើតជំងឺរលាកពោះវៀន ប៉ះពាល់ដល់គោលនយោបាយដឹកនាំប្រទេសជាតិ ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ លោក អាបេ ស៊ីនហ្សូ ថ្លែងថា ជំងឺរលាកពោះវៀតរបស់លោករើឡើងវិញកាលពីពាក់កណ្តាលខែមុន ។ លោកបញ្ជាក់ថា ការសម្រេចនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំប្រទេស ។
លោក អាបេ ស៊ីនហ្សូ «ខ្ញុំបានសម្រេចចិត្តលាលែងតំណែងជានាយករដ្ឋមន្ត្រី ដោយខ្ញុំយល់ថា មិនអាចបន្តតំណែងនេះទៀតបាន នៅពេលដែលខ្ញុំមិនមានទំនុកចិត្តថា អាចបំពេញការងារដែលប្រជាជនផ្តល់ឱ្យខ្ញុំបំពេញនេះបានល្អ»។
គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូអាយុ៦៥ឆ្នាំ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណាពេលវេលាជាក់លាក់ នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវត្រូវបញ្ជាក់នោះឡើយ ៕