នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ក្រសួងយុត្តិធ៌មបានអះអាងថា ខ្លួនបានយកសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះចំនួន៨១១៣ មកជំនុំជម្រះសម្រេចជាស្ថាពរក្នុងរយៈពេល១០០ថ្ងៃ គិតចាប់តាំងពីក្រសួងបានដាក់ចេញកាលពីថ្ងៃទី១៨ ឧសភា ២០២០កន្លងមក ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធ៌មដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ ។
សេចក្តីជូនដំណឹងដដែល បានលើកឡើងទៀតថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត រំពឹងថា សាលាដំបូងរាជធានី-ខេត្ត នឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពឲ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
សូមរំឮកដែរថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យពន្លឿន ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយ ការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ ។
គេនៅមិនទាន់ដឹងថាតើសំណុំរឿងព្រហ្មទណ្ឌរហូតជាង៨០០០រឿង ដែលក្រសួងយុត្តិធ៌មអះអាងថា បានលើកយកមកកាត់សេចក្តីរួចរាល់ក្នុងរយៈពេលត្រឹមតែ១០០ថ្ងៃនោះ មានយុត្តិធ៌មកម្រិតណាដល់គ្រប់ភាគីដែលមានទំនាស់និងរឿងព្រហ្មទណ្ឌផ្សេងៗក្នុងសំណុំរឿងទាំងជាង៨០០០នោះនៅឡើយទេ ។
អ្នកនាំពាក្យក្រសួងយុត្តិធ៌ម លោក គឹម សន្តិភាព មិនអាចរកការសុំអត្ថាធិប្បាយដើម្បីបញ្ជាក់បន្ថែមបានទេនៅរសៀលថ្ងៃទី២៩ សីហា ២០២០នេះ ។ យ៉ាងណាក៍ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មវ័យក្មេង លោក កើត រិទ្ឋ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) បានធ្វើការព្រមានដល់មន្ត្រីតុលាការនិងមន្ត្រីពាក់ព័ន្ឋ«កុំធ្វើជាត្រីងៀត ឆ្លៀតពង» នៅក្នុងយុទ្ឋនាការនេះ ៕