ផែនទីលេខាព្រំដែនខ្នាត ១/២៥ ០០០ ដែលជាផែនទីថ្មី ទើបនឹងបោះពុម្ពរួចជាមួយវៀតណាម នឹងត្រូវយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ(អ.ស.ប)នាពេលខាងមុខនេះ ។
នេះបើយោងតាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែន ដែលអះអាងក្នុងពិធីប្រគល់ផែនទីថ្មីខ្នាត ១/២៥ ០០០ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣៥ នៅកម្ពុជា ដើម្បីយកទៅប្រើប្រាស់ ហើយដែលពិធីនេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៧ សីហា ២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
យ៉ាងណាក៍ដោយ លោក វ៉ា គឹមហុង មិនបានបញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដក្នុងការនាំយកផែនទីថ្មីនេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិនៅពេលណានោះទេ ។
កាលថ្ងៃទី០១ សីហា ២០២០ កម្ពុជា-វៀតណាម បានចុះហត្ថលេខាជាមួយគ្នា ស្តីពីការទទួលយកផែនទីថ្មី ដែលមានមាត្រាដ្ឋានឬខ្នាត ១/២៥ ០០០ ទៅប្រើប្រាស់រួមគ្នា។ ផែនទីនេះ ត្រូវបានបោះពុម្ពសរុប៥០០ច្បាប់ ដោយប្រទេសដាណឺម៉ាក។ ២៥០ច្បាប់ ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ច្បាប់ ប្រគល់ទៅឲ្យវៀតណាម។
ព្រំដែនរវាងកម្ពុជា-វៀតណាម មានប្រវែងប្រមាណជា ១២៧០ គីឡូម៉ែត្រ។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានបោះបង្គោលជាមួយគ្នាជាផ្លូវការសម្រេចបាន៨៤ភាគរយហើយ ដោយនៅសល់តែ១៦ភាគរយទៀតប៉ុណ្ណោះ ។
អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី បានបកស្រាយកន្លងមកថា ការបោះពុម្ពផែនទីថ្មីខ្នាត ១/២៥ ០០០ គឺយកផែនទីបោនខ្នាត ១/១០០ ០០០ និង ផែនទី UTM ខ្នាត ១/៥០ ០០០ ធ្វើជាគោលនិងជាមូលដ្ឋាន ។ បើតាមអ្នកស្រី កម្ពុជា-វៀតណាម ចាប់ផ្តើមធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា តាំងពីឆ្នាំ២០០៥មក ហើយដល់ឆ្នាំ២០១១ ភាគីទាំងពីរ ក៏ចុះកិច្ចព្រៀងជាមួយគ្នា ឲ្យប្រទេសទី៣ គឺប្រទេសដាណឺម៉ាក ជួយបោះពុម្ពឲ្យបណ្តើរៗនូវផែនទីថ្មីខ្នាត ១/២៥ ០០០ រហូតដល់បោះពុម្ពបានរួចរាល់ នៅឆ្នាំ២០២០។
ជាការកកត់សម្គាល់ ទោះជាគណៈកម្មាធិការកិច្ចការព្រំដែន ឬ រាជរដ្ឋាភិបាលខ្មែរ បានព្យាយាមពន្យល់បកស្រាយដល់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានាថា ការបោះពុម្ពផែនទីថ្មីខ្នាត ១/២៥ ០០០ ជាមួយវៀតណាម មានភាពសុក្រឹតនិងមិនមានការបាត់បង់ទឹកដីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែទទួលរងការវាយប្រហារពីសំណាក់អ្នកប្រឆាំងមួយចំនួនដដែលថា ការទទួលយកផែនទីថ្មីនេះ ធ្វើឲ្យកម្ពុជាបាត់ដីនៅតំបន់មួយចំនួនតាមព្រំដែនផងដែរ ។
លើសពីនេះ អ្នកប្រឆាំងមួយចំនួន នៅបន្តធ្វើអធិប្បាយទៀតថា ការប្រើប្រាស់ផែនទីថ្មីខ្នាត ១/២៥ ០០០ គឺផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ត្បិតរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យប្រើផែនទីបោនរបស់បារាំង ដែលមានខ្នាត១/១០០ ០០០ ។
នៅក្នុងពិធីប្រគល់និងទទួលផែនទីថ្មី កាលពីថ្ងៃទី២៧ សីហាដដែលនោះ លោកប្រមុខការពារជាតិ ទៀ បាញ់ បានចាត់ទុក ការបោះពុម្ពផែនទីថ្មីនេះជាមួយវៀតណាម ថាជាជោគជ័យធំធេងបំផុត ហើយគួរតែមានមោទនភាព។ លោកបានមានប្រសាសន៍ថា៖«យើងមកដល់ពេលនេះ មានឯកសារដ៏ចាំបាច់មួយនេះ គឺវា ជាទីសាទរ ហើយរំភើបជាទីបំផុត ក្នុងនាមជាជាតិសាសន៍ខ្មែរមួយ ដែលទទួលខុសត្រូវលើទឹកដីរបស់ខ្លួន»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិ ក៏ឆ្លៀតផ្ញើសារព្រមានចាត់វិធានការផ្លូវច្បាប់ដែរ ចំពោះជនណា ដែលចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា រដ្ឋាភិបាលកម្ពុជា ក្បត់ជាតិ លក់ទឹកលក់ដី ឬធ្វើឲ្យបាត់បង់ទឹកដី ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។ ប្រមុខការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា៖«មិនមែនបែរជាមកថា ធ្វើហ្នឹងគឺជាការក្បត់ជាតិ…មិនអាចអត់ឱនឲ្យបានជាដាច់ខាត ចំពោះបញ្ហានេះ និយាយគ្នាច្បាស់អ៊ីចឹងតែម្តង…» ៕