លោក អ៊ូ ច័ន្ទរ័ត្ន ដែលគេស្គាល់ថា ជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃនេះថា លោកកំពុងពិនិត្យមើលកម្លាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ ដើម្បីធ្វើការសម្រេចបង្កើតគណបក្សនយោបាយថ្មីមួយផ្សេង ។
ការប្រកាសរបស់លោក អ៊ូ ច័ន្ទរ័ត្ន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ២រូបទៀត គឺលោក វ៉ា សាម៉ុន និងលោក តាវ គឹមឈនបានដាក់លិខិតមួយជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ក្រោយតុលាការកំពូល បានចេញសាលដីកា សម្រេចហាមឃាត់ពួកគេ រួមជាមួយអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិសរុប១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងចំណោមជនទាំង១១៨នាក់នោះ មាន១២នាក់ហើយ បានស្នើសុំនីតិសម្បទាធ្វើនយោបាយ ក្នុងនោះមាន៩នាក់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឱ្យធ្វើនយោបាយឡើងវិញផងដែរ។
យ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន មិនបានបង្ហើបប្រាប់អំពីឈ្មោះគណបក្សនយោបាយដែលលោកកំពុងត្រៀមនឹងបង្កើតក្នុងពេលខាងមុខនោះនៅឡើយទេ ។
យ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា៕