ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ត្រូវគេស្គាល់ថាជាប្រធានសន្តិសុខនៅក្នុងការដ្ឋានសំណង់ Ly Laនិងជាមន្ត្រីប៉េអ៊ឹមផង បានដកកាំភ្លើងភ្ជង់គំរាមនិងវ៉ៃកម្មករសំណង់ម្នាក់ ដោយមិនទាន់ដឹងពីមូលហេតុ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៥ កញ្ញា ២០២០ ក្នុងការដ្ឋានសំណង់ Ly La មានទីតាំងក្បែរក្រសួងបរិស្ថាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមកម្មករសំណង់ដែលអះអាងថាខ្លួនជាជនរងគ្រោះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា ខ្លួនបានចូលធ្វើការជាធម្មតាដូចសព្វមួយដង ស្រាប់តែជនសង្ស័យបានហាមខ្លួន(កម្មកររងគ្រោះ)មិនអោយចូល ក៏បណ្តាលឲ្យកើតមានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ការដកកាំភ្លើងភ្ជង់គំរាម និង វៃកម្មករតែម្តង ។
ក្រោយកើតហេតុ ជនបង្កដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនដោយចេញតាមទ្វារក្រោយនៃការដ្ឋានសំណង់ ខណៈជនរងគ្រោះ ត្រូវបាននាំទៅសួរនាំនៅកងរាជអាវុធហត្ថខណ្ឌចំការមន ។
មកទល់នឹងម៉ោង៣និង៤៨នាទីរសៀលថ្ងៃសៅរ៍ដដែលនេះ មិនទាន់ដឹងថា តើជនសង្ស័យបានចូលខ្លួនទៅដោះស្រាយឬយ៉ាងណានោះទេ ? ៕