សមត្ថកិច្ចរំដោះចំណាប់ខ្មាំង៣នាក់នៅខេត្តព្រះសីហនុ

សមត្ថកិច្ច​បង្ក្រាប​ក្រុម​ជនជាតិ​ខ្មែរ ម៉ុង​ហ្គោ​លី និង​ចិន​ចំនួន ៧​នាក់ ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ និង​បាន​រំដោះ​ចំណាប់ខ្មាំង​ចំនួន ៣​នាក់​។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ចំណុច​ផ្ទះសំណាក់​វួ​យ​អ៊ី​ណា ក្រុម​ទី​១៦ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​វិទ្យុ​បាយ័ន​ដឹង​ថា កាលពី​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០០:៣០​នាទី កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​បណ្តឹង​ពី​បុរស​ជន ជាតិចិន​ម្នាក់​ឈ្មោះ Gao MingShuai ថា មិត្តភក្តិ​របស់​គាត់​ឈ្មោះ Wen QiLiang ភេទ​ប្រុស ជនជាតិ​ចិន ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​កន្លែង​មួយ​មិន​ស្គាល់ រួច​ជំរិត​ទារប្រាក់​ចំនួន​១០,០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​។ បន្ទាប់​ពី​ទទួល​បណ្តឹង​រួច សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក ចិត្ត​ទុកដាក់ រហូត​ដល់​ម៉ោង​៩:០០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​កំណត់​បាន​ទីតាំង​បង្ខាំង​ជន​រង​គ្រោះ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​វួ​យ​អ៊ី​ណា ក្រុម​ទី​១៦ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​មក​កម្លាំង​យើង​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ហើយ ព្រះរាជអាជ្ញា​បាន​ឯកភាព​អោយ​កម្លាំង​សមត្ថកិច្ច​យើង​ចុះ​ទៅ​ប្រតិបត្តិការ​។ ភ្លាម​នោះ​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ សីហ​នុ ,​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​២ ចុះ​ទៅ​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ ។​
​លោកស្នងការ​បាន​បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​យើ​បាន​ជួយ​រំដោះ​ជន​រង​គ្រោះ​ចំនួន ៣​នាក់ ភេទ​ប្រុស ជនជាតិ​ចិន និង​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់ ភេទ​ប្រុស (​ជនជាតិ​ខ្មែរ​៤​នាក់​,​ជនជាតិ​ម៉ុង​ហ្គោ​លី​១​នាក់ និង​ជនជាតិ​ចិន​២​នាក់​)​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។​
​ជន​រង​គ្រោះ​៣​នាក់ រួម​មាន​:
១.​ឈ្មោះ He Wei ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។​
២.​ឈ្មោះ He A Kun ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិ​ចិន មុខ របរ អ្នកលក់​សំបុត្រ​យន្តហោះ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។​
៣.​ឈ្មោះ Gao MingShuai ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​
​ចំណែក​ជនសង្ស័យ​ចំនួន​៧​នាក់ មាន​ដូច​ជា​:
១.​ឈ្មោះ Cheng PengYun ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​លេងល្បែង ស្នាក់​នៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។​
២.​ឈ្មោះ Chen FuLi ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ ជនជាតិ ចិន មុខរបរ​ក្រុម​ចងការ​ប្រាក់​(​ផ្នែក​យាម​)​ស្នាក់​នៅ​ភូមិ​១​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។​
៣.​ឈ្មោះ Hai QuanShan ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ ជនជាតិ ម៉ុង​ហ្គោ​លី​(​ចេះ​ភាសា​ចិន​)​មុខរបរ​ក្រុម​ចងការ​ប្រាក់​(​ផ្នែក​ទារប្រាក់​) មាន​ទីលំនៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។​
៤.​ឈ្មោះ ង៉ែត ពើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​
៥.​ឈ្មោះ ខៀវ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​
៦.​ឈ្មោះ ស្រ៊ី ហួត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​
៧.​ឈ្មោះ ង៉ែត ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​
*-​វត្ថុ​តាង​ចាប់​យក​បាន​៖
-​រថយន្ត​១​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​:​ភ្នំពេញ 2BE-9670
-​ម៉ូតូ​២​គ្រឿង​(​ម៉ាក​Smash Revo១​គ្រឿង​,​ម៉ាក Duke១​គ្រឿង​)
-​លិខិត​ខ្ចីប្រាក់​២​សន្លឹក (​ភាសា​ខ្មែរ​១​សន្លឹក​, ភាសា​ចិន​១​សន្លឹក​)
-​ពិល​ឆក់​១​ដើម​
-​ដំបង​ឆក់ ១​ដើម​
-​ស្ព្រៃ​បាញ់​ភ្នែក​១​កំប៉ុង​
​ករណី​នេះ ជនសង្ស័យ​និង​វត្ថុ​តាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព ​៖ BAYON Radio