ព្រះសង្ឃចំនួន៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបងត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កើតរោគសញ្ញាផ្តាសាយ ក្អក ក្តៅខ្លួន និងហៀរសំបោរ និងត្រូវបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត បានប្រាប់សារព័ត៌មានអេឡិចត្រូនិក Thmey Thmey ឲ្យដឹងថា ក្នុងចំណោមព្រះសង្ឃ៤៦អង្គ គឺមន្ទីរសុខាភិបាលបានយកសំណាក២១អង្គទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងបន្តយកសំណាក២៥អង្គទៀតទៅធ្វើតេស្តនៅថ្ងៃទី១៤ កញ្ញានេះ ។
បើតាមលោក វឿង ប៊ុនរ៉េត ព្រះសង្ឃទាំង៤៦អង្គនោះ មិនមានអាការធ្ងន់ធ្ងរឡើយ ដោយមានព្រះអង្គខ្លះទ្រង់បានធូរស្បើយជាបណ្តើរៗហើយ។
លោកប្រធានមន្ត្រីសុខាភិបាលបានបញ្ជាក់ថា ដំបូងឡើយព្រះអង្គមួយចំនួនបាននិមន្តមកពីបណ្តាខេត្តនានា ហើយក៏មានអាការៈឆ្លងតៗគ្នា។ លោក បានរៀបរាប់ដូច្នេះថា៖«មិនមានអ្វីចម្លែកទេ តែមានម្នាក់ផ្តាសាយ ហើយនៅជុំគ្នា អ៊ីចឹងបានឆ្លងតគ្នា ដោយព្រះអង្គទ្រង់ឈឺអស់រយៈពេល៦ថ្ងៃមកហើយ»។
លោក វឿង ប៊ុនរ៉េត បន្តថា នៅពេលនេះមន្ទីរសុខាភិបាលខេត្តក៏កំពុងតែស្រាវជ្រាវរកអ្នកប៉ះពាល់បន្ថែមទៀតផងដែរ៕