អ្នកស្រី ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាត្រូវជាប្អូនស្រីបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍ហាត់នឿយចំពោះបញ្ហារបស់មន្ត្រីក្នុងតំណែង និង ប្រជាពលរដ្ឋដែលតែងតែឆាត(Chat)ចូលក្នុងហ្វេសប៊ុកផេកផ្លូវការរបស់អ្នកស្រីដើម្បីឲ្យអ្នកស្រីជួយដោះស្រាយនិងរកយុត្តិធ៌ម ។
នៅក្នុងការឡាយ( Live) ផ្ទាល់មិនទាន់បញ្ចប់នៅឡើយនៅលើផេកហ្វេសប៊ុកស្តីពី«ពីនេះពីនោះ» អ្នកស្រី ហ៊ុន ស៊ីណាត បានអះអាងថា អ្នកស្រីជារាស្ត្រសាមញ្ញដែលស្អប់ខ្ពើមអំពើអយុត្តិធ៌ម ហើយដោយសារតែអំពើអយុត្តិធ៌មនេះហើយទើបអ្នកស្រីលាលែងពីតំណែងមន្ត្រីរាជការ តែអ្នកស្រីមិនបង្ហើបរឿងរ៉ាវដែលអ្នកស្រីអះអាងថាជួបរឿងអយុត្តិធ៌មរហូតលាលែងចេញតំណែងនោះឡើយ ។
បើតាមអ្នកស្រីអតីតអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចបានអំពាវនាវឲ្យបញញឈប់ការឆាតចូលមកហ្វេសប៊ុកផេកផ្លូវការរបស់អ្នកស្រីដើម្បីជួយដោះស្រាយ ឬ ជួយរកយុត្តិធ៌ម ដោយអ្នកស្រីអះអាងថាអ្នកស្រីមិនមែនជា លោក កើត រិទ្ឋិ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ …នោះឡើយ ។
អ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាមន្ត្រី ឬ ពលរដ្ឋណាមានបញ្ហា សូមដាក់ពាក្យបណ្តឹងនៅស្ថាប័នជំនាញផ្សេងដូចជាបើមានបញ្ហាការលែងលះ ការជំពាក់ប្រាក់ និងបញ្ហាជម្លោះដីធ្លីត្រូវប្តឹងទៅតុលាការ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលមានលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាប្រធាន និង ប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនិងនគរូបនីយកម្មនិងសំណង់ជាដើម កុំប្តឹង ឬពឹងពាក់អ្នកស្រី ព្រោះអ្នកស្រីជារាស្ត្រសាមញ្ញដែលសព្វថ្ងៃអ្នកស្រីដើរតែធ្វើបុណ្យដាក់ទាន មិនមានអំណាចអីទៅដោះស្រាយនោះទេ ហើយអ្នកស្រីក៍មានកូនចៅទូទាំងប្រទេស ទុកពេលវេលាឲ្យអ្នកស្រីដើរធ្វើបុណ្យដាក់ទានផង។
ការលើកឡើងនៅក្នុងការឡាយនៅប៉ុន្មាននាទីមុននេះ ក៍ដោយសារតែអ្នកស្រី ហ៊ុន ស៊ីណាត ត្រូវបានគេឆាតចូលឲ្យដោះស្រាយពាក់ព័ន្ឋនឹងដែលអ្នកស្រីថាមានកូនធ៌មអ្នកស្រី បានជំពាក់លុយគេមិនសង ភរិយាអភិបាលរងស្រុកម្នាក់មានបញ្ហាលែងលះ(អភិបាលរងស្រុកមានស្រី) គ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ម្ចាស់រថយន្តមិនសងសំណង និង បញ្ហាប្រជាពលរដ្ឋ៨៣គ្រួសារនៅឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់ទទួលបានដីសម្បទានក្រោយដែលលោក ហ៊ុន ម៉ាណែត និង អភិបាលស្រុកអន្លង់បានសន្យាប្រគល់ឲ្យកាលពី៤ឆ្នាំមុនជាដើម ។
ទាក់ទងទៅនឹងថាកូនធ៌មអ្នកស្រីជំពាក់ប្រាក់គេមិនសង អ្នកស្រីបានប្រាប់ឲ្យសងគេជាបន្ទាន់ បើមិនសងទេ អ្នកស្រីនឹងឡាយបញ្ចេញឈ្មោះ ហើយនឹងយកប៉ូលិសទៅចាប់ដល់ផ្ទះផងដែរ ។
សូមបញ្ជាក់ថា អ្នកស្រី ហ៊ុន ស៊ីណាត ជាភរិយាលោក នឹម ច័ន្ទតារា តំណាងរាស្ត្រមណ្ឌលកំពត អ្នកស្រីបានដាក់លិខិតលាលែងតំណែងជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចកាលពីថ្ងៃទី០១ ធ្នូ ២០១៤ ៕