រាជធានៅភ្នំពេញ ៖ រឿងរ៉ាវផ្អើលអស់មហាជនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដោយសារបុរសម្នាក់បានវាយធ្វើបាបនារីជាសង្សារ រហូតជាំត្រង់ផ្នែកភ្នែកខាងស្ដាំ គុម្ពត្រចៀក យ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង០១និង៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ កញ្ញា ២០២០ នៅក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសដែលជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីរងគ្រោះ មានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុនេះ ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី ពាក់ព័ន្ធលើករណីវាយនារីជាអតីតសង្សារ បណ្ដាលឱ្យហើមជាំពេញមុខ នៅសង្កាត់ភ្នំពេញថ្មី ។
បុរសរូបនេះមិនមែន ជាលើកទីមួយឡើយ ដែលវាយធ្វើបាបទៅលើនារីជាសង្សារខ្លួន ហើយបើតាមការបញ្ជាក់ គឺកើតឡើងជាច្រើនលើកច្រើនសារ រាប់មិនអស់ទៅហើយ ប៉ុន្ដែដោយសារតែមូលហេតុ អាណិតបូករួមទាំងស្រលាញ់ខ្លាំងផងនោះ ទើបនាងចេះតែទ្រាំទៅ ហើយតែងតែផ្ដល់ឱកាសទៅដល់ជនបង្ក ព្រោះសង្ឃឹមថា គេនឹងកែខ្លួនល្អវិញ ។
យ៉ាងណាមិញ កាលពីវេលាម៉ោង ៣និង៣៥ ជិតទៀបភ្លឺ ឆ្លងចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នារីរងគ្រោះខាងលើ ដែលគាត់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ គីម ឡាង ក៏បានបង្ហោះសារមួយឃ្លាភ្ជាប់មកជាមួយរូបចាស់មួយសន្លឹក ដែលអ្នកទាំង២ថតជាមួយគ្នា និងបានសរសេរនូវសំណេរមួយឃ្លាថា «បងធ្លាប់សន្យាថា ឈប់វ៉ៃអូន បងសន្យាថា មើលថែអូន បងធ្វើអត់បាន អូនសុំទោស សង្ឃឹមថា បងនឹងកែខ្លួន Brös Rith» ៕